(កណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានស្បាតចល័ត ស្ទាក់ចាប់បានក្រុមចោរលួចឆក់ប្លន់ដ៏ល្បី ដែលតែងតែធ្វើសកម្មភាព នៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង ជាច្រើនលើកច្រើនសារមកហើយ និងមានបណ្តឹងរបស់ជនរងគ្រោះជាច្រើនផងដែរ។

មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះថា យោងតាមអនុសាសន៍ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល, កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងកម្លាំងមន្ទីរជំនាញខេត្ត បានធ្វើការល្បាតចល័ត ប្រទះឃើញជនសង្សយ័ចំនួន០៥នាក់​ ជិះម៉ូតូ​២គ្រឿង​ ម៉ាក​Scoopy និងម៉ាក Nix នៅចំណុចដងផ្លូវជាតិ 8A ភូមិតាំងឬស្សី​ ឃុំរកាជន្លឹង​ ស្រុកខ្សាច់កណ្តាល ទើបធ្វើការឃាត់ខ្លួន យកមកសួរនាំនៅមូលដ្ឋាន​ អាវុធហត្ថស្រុកខ្សាច់កណ្តាល នៅម៉ោង៧៖០០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ជនសង្ស័យទាំង៥នាក់រួមមាន៖

១៖ ឈ្មោះ សឿន ហៅម៉ាប់​ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្វាយទោ ឃុំជាយកំពក​ ស្រុកព្រះស្តេច ខេត្តព្រៃវែង​ (ឃាត់ខ្លួន) ។
​២៖ ឈ្មោះ ភស្ត័​ ហៅឌុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិរកាជួង​ ឃុំបន្ទាយចក្រី​ ស្រុកព្រះស្តេច​  ខេត្ត​ ព្រៃវែង​ (ឃាត់ខ្លួន)។
៣៖ ឈ្មោះ វ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ​  ទីលំនៅ​ ភូមិ​កាកេត ឃុំព្រះស្តេច​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ (ឃាត់ខ្លួន)។
​៤៖ ឈ្មោះ សុខម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ ភូមិវាលវង់ ឃុំ​រកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ​ (ឃាត់ខ្លួន)។
៥៖​ ឈ្មោះ​ ភក្ត្រា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅភូមិ​ពញ្ញាលៀង​ ឃុំអង្គររាជ​ ស្រុកព្រះសេ្តច​ ខេត្តព្រៃវែង (ឃាត់ខ្លួន)។

ក្នុងការឃាត់ខ្លួននោះ មន្ត្រីអាវុធហត្ថបានដកហូតវត្ថុតាំង រួមមាន៖ ម៉ូតូ២គ្រឿង ម៉ាក​Scopy ពណ៌ស​ ស្លាកលេខ​ ភ្នំពេញ 1FK -7083 និងម៉ាក ​Nix ពណ៌ស​ ស្លាកលេខព្រៃវែង​ 1K-3622, ដាវដែក១ដើម, ទូរសព្ទ័៣គ្រឿង ម៉ាក់ iPhon6 មួយគ្រឿង និង iPhon5 ពីរគ្រឿង និងសំលៀកបំពាក់មួយចំនួន។

មន្ត្រីអាវធុហត្ថបានបញ្ជាក់ទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពវ៉ៃ និងកាប់ប្លន់យកម៉ូតូ និងទូរស័ព្ទជាច្រើនលើកមកហើយនៅ រាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង។   

បច្ចុប្បន្នកម្លាំងជំនាញមន្ទីយុត្តិធម៍ និងកម្លាំងអាវុធហត្ថស្រុក កំពុងស្រាវជ្រាវបន្តតាមនីតិវិធី និងសហការជាមួយជំនាញ អាវុធហត្ថលើផ្ទៃប្រទេស​ អាវុធហត្ថរាជធានី និង ខេត្តពាក់ព័ន្ធផ្សេងៗទៀត៕