(សៀមរាប)៖ កំលាំងនគរបាលខេត្តសៀម រួមមានកំលាំង នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការល្បាតចល័ត ពួនស្ទាក់ជាមួយកំលាំងអន្តរាគមន៍ និងកំលាំងអធិការដ្ឋាន នគបាលក្រុងសៀមរាប លើភូមិសាស្រ្តស្មុកស្មាញ ក្នុងសង្កាត់ធំៗទាំង៤ ក្នុងក្រុងសៀមរាប (ស្វាយដង្គុំ, សាលាកំរើក, គោកចក, ស្លក្រាម) នៅយប់ថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង១២៖០០នាទីយប់ ដល់ម៉ោង៣៖៣០នាទីទៀបភ្លឺ បានធ្វើការប្រមូលក្រុមក្មេងទំនើង ដែលតែងបង្កភាពចលាចល ក្នុងក្រុងចំនួន១៧នាក់ ក្នុងនៅមានស្ត្រី៣នាក់ និងភេទី៣ ចំនួន២នាក់។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ការចុះល្បាតពួនស្ទាក់ បង្ក្រាបមុខសញ្ញានេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ពី​ លោកឧត្តមសេនីយ៍ត្រី ហូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលទាំងអស់សហការបង្ការ បង្ក្រាបបទល្មើស ក្មេងទំនើង បងតូចបងធំ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អ ក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ ដ៏សំខាន់បំផុតរបស់កម្ពុជា។

មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលប្រមូលទាំង១៧នាក់នោះ ត្រូវប្រមូលបាននៅតាមសួនមាត់ស្ទឹង, ម្តុំព្រះអង្គចេកព្រះអង្គចម និងនៅសួនច្បារអ៊ុងអឿន បុរីប្រឹមប្រៃយ៍ដែលពួកគេតែងតែបង្កចលាចល ខូចសណ្តាប់ធ្នាប់សារធារណៈ ក្នុងក្រុងទេសចរណ៍។

មន្ត្រីដដែលបញ្ជាក់ទៀតថា ក្រោយពីធ្វើតេស្តរកនូវសារធាតុញៀនលើក្មេងទំនើងទាំងនោះ សមត្ថកិច្ចរកឃើញថា មានអ្នកផ្ទុកនូវសារធាតុញៀនចំនួន៥នាក់ ក្នុងនោះស្រី២នាក់ និងបានបញ្ជូនទៅការិយាលយ័គ្រឿងញៀន ដើម្បីចំណាត់ការតាមនិតិវិធីបន្ត។ ចំណែកក្មេង១២នាក់ទៀត ដែលអត់មានផ្ទុកនូវសារធាតុញៀនទេ និងមិនរកឃើញបទល្មើសព្រហ្មទណ្ឌទេនោះ ត្រូវបានកំណត់សាវតាក្មេងទំនើង និងធ្វើការអប់រំឲ្យត្រលប់ទៅផ្ទះវិញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហូ វ៉ាន់នី បង្ហាញក្តីកោតសរសើរ ចំពោះកម្លាំងនគរបាលក្នុងខេត្តទាំងអស់ ដែលបានសហការគ្នាបង្ក្រាបបទល្មើស និងបានជំរុញឲ្យកម្លាំងនគរបាល ការិយាល័យគ្រឿងញៀន បន្តអនុវត្តតាមនីតិវិធី មិនត្រូវលើកលែងជាដាច់ខាត ចំពោះក្មេងទំនើងមានជាប់សារធាតុញៀនទាំងនោះ និងបញ្ជាឲ្យគ្រប់ជំនាញពាក់ព័ន្ធទាំង ខិតខំបង្ក្រាបបន្ត ពិសេសគ្រប់បទល្មើសទាំងអស់៕