(កណ្ដាល)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកសិក្ខាសាលាស្ដីពីលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណត្តិទី៤ការងារមូលដ្ឋានទូទាំងស្រុក សម្រាប់ឆ្នាំ២០១៧ និងលើកទិសដៅបន្តឆ្ពោះទៅកាន់ការបោះឆ្នោតសកលឆ្នាំ២០១៨។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើង​ក្រោមអធិបតី លោក ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នៅទីស្នាក់ការ​គណបក្សស្រុក​។

​លោក ហ៊ីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរ និងអរគុណចំពោះសមាជិកសមាជិការបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រផ្ដល់ភាពយុត្តិធម៌ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យទាំង១៨ឃុំ នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​។

លោកក៏បានណែនាំដល់អង្គសិក្ខាសាលា បន្តការខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ តាមគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បន្តការដោះស្រាយបញ្ហាទំនាស់ដីធ្លី, បាតុភាពអសកម្មមួយចំនួន, បម្រើសេវាសាធារណៈ, សេវាតម្រូវកា​រ, សេវាសុខភាពនៅមូលដ្ឋាន ឲ្យបានល្អត្រឹមត្រូវតាមផ្លូវច្បាប់,​ បន្តចុះតាមមូលដ្ឋានជាប្រចាំតាមខ្នងផ្ទះ ស្វែងយល់ពីសុខទុក្ខ និងកង្វះខាតខាងជីវភាព ដោះស្រាយបញ្ហាកង្វល់នានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា, បន្តពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំក្នុងជួរបក្ស, បន្តការអភិវឌ្ឍមូលដ្ឋានឲ្យបានរីកចម្រើន ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋឆ្ពោះទៅទទួលជោគជ័យ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យ សម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃ​កម្ពុជាជាបន្តបន្ទាប់គ្រប់ៗអណត្តិ, បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន កសាងសង្គមមួយឲ្យមានការរីកចម្រើនដូចប្រទេសអភិវឌ្ឍន៍នានា នៅលើពិភពលោក​។

សូមជម្រាបថា បើតាម លោក បូរណារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង បានទៅបោះឆ្នោតចំនួន៦០,៣៣៨នាក់ ស្មើនិង៩៥.៩៧ភាគរយ នៃប្រជាជនដែលមានឈ្មោះក្នុងបញ្ចីបោះឆ្នោត ហើយចំនួនសន្លឹកឆ្នោត​បានការ សរុបចំនួន៥៩,៤៥៤សន្លឹក ចំនួនសន្លឹកឆ្នោតមិនបានការ សរុបចំនួន៨៨៤សន្លឹក សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា៣៧,៥៣៨សម្លេង ទទួលបាន៦១អសនៈ ក្នុងនោះមុខតំណែងជាមេឃុំចំនួន១៨នាក់ ជំទប់ទី១ ចំនួន១៨នាក់ សមាជិកក្រុមប្រឹក្សាចំនួន១៣នាក់។

ក្រោយពីការប្រកាសលទ្ធផល ការបោះឆ្នោតឃុំអាណត្តិទី៤ ជាផ្លូវការរបស់គ.ជ.ប មេឃុំរលាំងកែន មេឃុំអំពៅព្រៃ និ​ងឃុំរកា ទើបជាប់ធ្វើជាមេឃុំថ្មី របស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តថា បម្រើប្រជាពលរដ្ឋឲ្យបានល្អ និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា នឹងបន្តការអភិវឌ្ឍឃុំឲ្យមានការរីកចម្រើនក្នុងមូលដ្ឋាន៕