(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បានខំបង្ហើរសារនយោបាយបន្តបន្ទាប់ ប៉ុន្តែសរុបជាន័យរួមជាចុងក្រោយថា៖ «ការនិយាយចោល គឺវាងាយណាស់។ តែត្រូវធ្វើរបៀបម៉េច និងធ្វើតាមវិធីណានោះ គឺមិនគួរកុហកគេទេ។ និយាយត្រង់ទៅថា ពិតជាធ្វើមិនបាន និងទៅមិនរួច!»។

ទី១៖ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី និយាយថា «នឹងវិលចូលស្រុក...»។ គ្មានអ្នកណាហាមឃាត់ទេ។ ប៉ុន្តែមិនដល់១០ម៉ោងផង សម រង្ស៊ី បានក្លាយជាឆ្មាត្រូវទឹកក្តៅ ក្រឡាស់សម្តីថា មិនវិលវិញទេ ពីព្រោះឧបសគ្គជាក់ស្តែងគឺ «ខ្លាចគុក»។ ការពិត សម រង្ស៊ី ដែលមានទោសជាប់ខ្លួននេះគឺដោយសារអណ្តាតគ្រលាស់មិនគិត និងដោយសារមាត់ឥតគំរបប្រមាថលោក ហោ ណាំហុង។ នេះបង្ហាញថា ការនិយាយវាស្រួល តែលើការជាក់ស្តែង សម រង្ស៊ី គ្មានលទ្ធភាព និងគ្មានសមត្ថភាព ធ្វើបានទេ។ សូម្បីតែជួយខ្លួនឯងមិនបានផង ទៅដោះបញ្ហាជាតិដ៏ធំម្តេចនឹងកើត!

ទី២៖ ថ្មីៗនេះដែរ ទណ្ឌិត សម រង្ស៊ី ក៏និយាយដែរថា «ចង់ធ្វើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សសង្គ្រោះជាតិ ដើម្បីប្រកួតការបោះឆ្នោតឆ្នាំ២០១៨...»។ ការនិយាយគឺវាងាយទេ ប៉ុន្តែតើធ្វើរបៀបម៉េច? គឺធ្វើមិនកើត!។ ឥឡូវនេះ មន្ត្រីក្នុងបក្សសង្គ្រោះជាតិនាំគ្នាបិទមាត់និងចុកមាត់គ្រប់គ្នា ពីព្រោះពួកគេមិន ដឹងថានឹងត្រូវធ្វើរបៀបម៉េច? យោងតាមលក្ខន្តិកៈបក្ស បើចង់ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺវាទាល់តែជាប្រធានបក្ស។ នេះជាការពិតនៃទិដ្ឋភាព ច្បាប់និងបច្ចេកទេស។

តើទណ្ឌិត សម រង្ស៊ី គឺជាអ្វីឲ្យពិតប្រាកដនៅក្នុងបក្សសង្គ្រោះជាតិ? លើការជាក់ស្តែង សម រង្ស៊ី គ្មានអ្វីទាំងអស់ គឺបាត់បង់អស់ហើយ។ ដូច្នេះសម្តីរបស់ សម រង្ស៊ី គឺស្មើនឹងយកបក្សសង្គ្រោះជាតិ ទាំងមូលទ្រាប់គូថ, ស្មើនឹងខោកក្បាលលោក កឹម សុខា, ស្មើនឹងរំលាយបក្សសង្គ្រោះជាតិចោលតែម្តង ! ហេតុអ្វី?

* សម្តីរបស់ សម រង្ស៊ី ឆ្លុះបញ្ចាំងថា ក្នុងកែវភ្នែកគាត់គឺមិនឲ្យតម្លៃ កឹម សុខា ក្នុងការដឹកនាំជាប្រធានបក្សបច្ចុប្បន្ននេះទេ។ សម រង្ស៊ី នៅតែគិតថាខ្លួនគាត់ជា ប្រធានបក្ស។ ឱកាសមកដល់ពេលណា នឹងធាក់ក្បាល កឹម សុខា ចោល។ តើ កឹម សុខា បណ្តោយឲ្យ សម រង្ស៊ី ធ្វើស្រេចចិត្តបែបនេះដោយមិនគោរព លក្ខន្តិកៈបក្សនោះទេ? ដូច្នេះ បំណង សម រង្ស៊ី វិលត្រឡប់មកក្រសោបយកបក្សសង្គ្រោះជាតិវិញ គឺមិនមែនជារឿងងាយនោះទេ។ បើក្រសោបតំណែង ប្រធានបក្សមិនបានទេ ក្តីស្រមៃទាំងឡាយ គឺក្លាយជា «ផេះ»។

* ឧបមាថាទណ្ឌិត សម រង្ស៊ី ចូលមកធ្វើប្រធានបក្សសង្គ្រោះជាតិទៅចុះ។ នេះគឺស្មើនឹងចូលមករំលាយបក្សនេះចោលដោយខ្លួនឯង និងដោយភាពល្ងង់ខ្លៅតែម្តង ពីព្រោះតាមផ្លូវច្បាប់គឺមិនអនុញ្ញាតឲ្យជនមានទោសដឹកនាំបក្សនយោបាយនោះទេ។ បើអញ្ចឹងមែននោះ បក្សក៏រលាយ ហើយនឹងមានអ្នកខ្លះត្រូវចូល គុកថែមទៀត។ ដូច្នេះលទ្ធផលធ្វើនយោបាយប្រជាភិថុតជាង២០ឆ្នាំរបស់ សម រង្ស៊ី គឺគ្មានន័យអ្វីទាំងអស់ និងអាចសរុបបានជាចុងក្រោយថា «សម រង្ស៊ី គឺប្រែថា ចប់»។

ជាង២០ឆ្នាំមកនេះ សម រង្ស៊ី ធ្វើនយោបាយ គឺមិនមែនដើម្បីបម្រើផលប្រយោជន៍ជាមរតកសម្រាប់ជាតិនិងប្រជាជននោះទេ គឺធ្វើនយោបាយគ្រាន់តែដើម្បីបម្រើមហិច្ឆតាបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ។ សម រង្ស៊ី ក៏មិនដែលជួយអ្វីដល់ប្រជាជនសូម្បីតែសាលារៀន១បន្ទប់ ឬផ្លូវ១ខ្សែនោះដែរ។ របស់ប៉ុណ្ណោះ វាមិនចាំបាច់រង់ចាំដល់មានអំណាចដឹកនាំប្រទេសនោះទេ តែនេះគឺជាបុគ្គលអត់ចិត្ត។ សម រង្ស៊ី ក៏មិនដែលប្រើពាក្យល្អសសើរជាតិនោះទេ ក្រៅតែពីបណ្តុះបង្អាប់និងយកជាតិកម្ពុជាទាំងមូលជាន់ឈ្លីនៅវង់នយោបាយក្រៅប្រទេសប៉ុណ្ណោះ។

ជាង២០ឆ្នាំមកនេះ សម រង្ស៊ី លេងល្បែង នយោបាយដុតរោលអារម្មណ៍ឲ្យឆួលក្តៅបណ្តុះកំហឹង ការគុំគួន សងសឹក និងពង្វក់យុវជនមួយចំនួនឲ្យលែងគោរពចាស់ទុំ ប្រើភាសាជេរប្រមាថ ក្រោមផ្លាកសេរីភាពដ៏អសីលធម៌។ សំណាងណាស់ដែលពួកនេះ គ្មានអំណាចក្នុងដៃ កុំអី ប៉ុល ពត ទី២វិលមកវិញនៅកម្ពុជា។

ជាង២០ឆ្នាំមកនេះ សម រង្ស៊ី បោកប្រាស់អ្នកដើរតាមនយោបាយឲ្យអស់លុយកាត់ រីឯអ្នកនៅជុំវិញខ្លះត្រូវជាប់គុកដោយសារតែចង់ផ្តួលគេតាមរយៈផែនការទុច្ចរិត និងការក្លែងឯកសារ រហូតត្រូវមានទោសជាប់គុក។ ដោយសារ សម រង្ស៊ី ជីវិតនយោបាយរបស់អ្នកហែរហមទាំងនេះក៏ត្រូវចប់ដូច សម រង្ស៊ី ដែរ។

ខ្ញុំចង់ផ្តាំទៅ សម រង្ស៊ី ថា៖ «នយោបាយ! ពេលដែលអ្នកខ្វះការពិត ខ្វះគុណធម៌ និងគ្មានសេចក្តីក្លាហាន គឺអ្នកនឹងទៅកាន់តែឆ្ងាយ គឺទៅឆ្ងាយសែនឆ្ងាយគ្មានថ្ងៃត្រឡប់វិញ។ វ័យអ្នកចូលមកដល់ ជរា ព្យាធិ និងមរណៈ ក៏កាន់តែខិតចូលមក... ដូច្នេះ សម រង្ស៊ី គឺប្រែថា ចប់»។

ខ្ញុំក៏សូមទទួលស្គាល់ដើម្បីជាការលើកទឹកចិត្តចំពោះការតស៊ូក្នុងនយោបាយជាង២០ឆ្នាំមកនេះ ទោះបីជាគ្មានលទ្ធផលក៏ដោយធ្វើម្តេចបើដៃគូរបស់លោក ឈរលើចំណុចមានប្រៀបជាង, ធ្វើម្តេចបើដៃគូររបស់អ្នកមានទេពកោសល្យជាង, ធ្វើម្តេចបើដៃគូររបស់អ្នកមានគុណធម៌ជាង, ធ្វើម្តេចបើដៃគូររបស់អ្នកមានប្រាជ្ញា និងសមត្ថភាពខ្លាំងជាងឆ្ងាយពេកណាស់។ សូមចង់ចាំឲ្យច្បាស់ថា ទោះក្នុងតម្លៃណាក៏ដោយ «គណបក្សប្រជាជនកម្ពុជា និងអ្នកបន្តវេនរបស់គណបក្ស ប្រជាជនកម្ពុជា គឺមិនបំផ្លាញមរតកជ័យជំនះ និងមិនបោះបង់ជ័យជំនះរបស់ជាតិនិងប្រជាជនជាដាច់ខាត!»។

ជាថ្មីម្តងទៀត ខ្ញុំក៏សូមរំលឹកថា ជីវិតនយោបាយរបស់ សម រង្ស៊ី គឺចប់ហើយក៏ព្រោះថា វ័យ ឱកាស និងពេលវេលា មិនផ្តល់ឱ្យទៀតទេ។ អស់ហើយ! ដំណើរកំពុងវិលឆ្ពោះទៅរកទីបញ្ចប់ហើយ!

ជាមួយគ្នានេះ ខ្ញុំសូមចាត់ទុកថា កឹម សុខា ជាអ្នកបន្តវេនរបស់អ្នកទៅចុះ។ ក៏ប៉ុន្តែ សូមអ្នកចងចាំក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ថា «អ្នកបានបង្កើតអ្នកបន្តវេនមួយ ដែលអ្នកគ្មានភាពស្មោះត្រង់ចំពោះបុគ្គលនោះទេ»។ ដូច្នេះផលតស្នងយ៉ាងណា សូមទ្រាំទទួលយក និងទ្រាំលេបទៅចុះ!។

ជាអវសាន្ត សម រង្ស៊ី គួរស្វែងយល់សម្តីអ្នកក្លាហ៊ានពិតប្រាកដម្នាក់និយាយថា «វ័យ សក់ស្កូវប៉ុណ្ណេះហើយ នៅចង់ច្បាំងដល់ណាទៀត...។ បើគង់តែច្បាំង មិនឈ្នះ ហេតុអ្វីក៏មិនសុំចែកផែនដីរស់រៀងខ្លួនទៅ។ សំពៅ ដ៏ធំបែបនេះ បែរជាអ្នកមានមហិច្ឆតាចង់ចែវម្នាក់ឯង! ពិតជាល្ងង់ពេកហើយ»។ ជាតិនេះគឺអ្វីៗចប់ ហើយ ពីព្រោះ ឱកាស និង ពេលវេលា មិនផ្តល់ឱ្យ សម រង្ស៊ី ទៀតទេ។ បើកើតជាតិណាៗ កុំឲ្យក្លាយជាអ្នកនយោបាយដែលចាញ់រហូតបែបនេះ៕

ដោយ៖ សេនាជាតិ