(សៀមរាប)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំព្រឹត្តិការណ៍ដាំកូនឈើជាច្រើនដើម ទុកជាអនុស្សាវរីយ៍អបអរសាទរសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) លើកទី២ នៅស្រះស្រង់ខាងលិច លើទឹកដីអង្គរខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Bundit Lim Schoon អគ្គលេខាធិការ ACD ដែលមានការចូលរួមពីប្រតិភូអន្តរជាតិជាន់ខ្ពស់ នៃបណ្តាប្រទេសសមាជិក ACD អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិ សិស្ស-និស្សិត យុវជន​-យុវនារី និងប្រជាពលរដ្ឋប្រមាណ ១០០នាក់។

លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា កម្មវិធីដាំកូនឈើអនុស្សាវរីយ៍នាពេលនេះ គឺធ្វើឡើងស្របទៅនឹងយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែល ត្រូវបានដាក់ចេញក្នុងគោលបំណងជំរុញសកម្មភាពដាំដើមឈើ ឲ្យក្លាយជាផលិតផលទេសចរណ៍មួយ ប្រកបដោយភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់ទទួលបាននូវបទពិសោធន៍ថ្មី ព្រមទាំងជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការធ្វើដំណើរកម្សាន្តរបស់យុវជន-យុវនារី សិស្ស-និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ។

បើតាមលោករដ្ឋមន្រ្តី សន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី២ ជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ» តាមរយៈការលើកកម្ពស់គុណភាពសេវាទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អំពីសារៈប្រយោជន៍អំពីទស្សនទាន «ស្អាត និងបៃតង» ជាពិសេសជំរុញក្នុងការអនុវត្តយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម»៕