ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោក, ភ្លាមៗនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបនឹងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖ អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេចតេជោបានបញ្ជាក់ថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។

សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment លើ Facebook របស់ Fresh News នាយប់ថ្ងៃទី១៤ ខែមិថុនាដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់។ មិនទាន់បាន១០ម៉ោងផង អ្នកក្លាហានរូបនេះប្រកាសមិនទាន់ចូលមកតាមការនិយាយតាមវាយប្ញកទៅវិញ។ រង់ចាំដោះស្រាយឧបសគ្គឲ្យអស់សិនចាំវិលត្រឡប់។ អ្វីទៅជាឧបសគ្គ? នោះគឺគុក។ គាត់ប្រកាសមិនខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ»។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសតាមរយៈបណ្តាញសង្គម Twitter នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា «នៅពេលរាល់បញ្ហាទាំងអស់ដែលរារាំងការវិលត្រឡប់របស់ខ្ញុំទៅកម្ពុជា និងសេរីភាពក្នុងការធ្វើចលនាផ្សេងៗត្រូវបានដោះស្រាយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ថ្មី មួយ ដោយសម្រេចលុប ស.ជ.ណ ចាស់ ដែលរារាំងដល់ការ វិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦៕