(ភ្នំពេញ)៖ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ប្រកាសម្តងទៀតថា ចង់មកប្រគួតយកតំណែងនាយករដ្ឋមន្ត្រីពី សម្តេចតេជោ ហ៊ុន សែន។ ស្តាប់ផែនការរបស់ទណ្ឌិត សម រង្ស៊ី ដូចជាឮសំឡេងខែងរែងជាងក្អាត់ក្នុងក្អមបន្តិច។ ប៉ុន្តែលើភាពជាក់ស្តែង អ្នកណាៗក៏ដឹងដែរថា សម រង្ស៊ី ជាជនពិសពុល និងកំសាកបំផុត។

ជាង២០ឆ្នាំហើយដែលទណ្ឌិត សម រង្ស៊ី ស្រមៃចង់បានកៅអីនាយករដ្ឋមន្ត្រី។ តែអកុសល គឺវាចាញ់ឆ្នោតរហូត។ មិនតែប៉ុណ្ណោះ ខំធ្វើនយោបាយប្រជាភិថុត ជាង២០ឆ្នាំ ចង្រៃអី មកចាញ់ល្បិចអ្នកបំភ័យចុងក្រោយនេះ រហូតបោះតំណែងមេបក្សចោលក្នុងធុងសំរាម ទុកឲ្យ កឹម សុខា ជាមនុស្សចៃដន្យចាត់ចែងបក្សទាំងមូលតាមចិត្ត។

ឥឡូវនេះ ដូចជាមានអារម្មណ៍មិនស្រួលនឹង កឹម សុខា ទេដឹង ឬក៏ជំងឺចាស់រើមកវិញ ដែល ទណ្ឌិត សម រង្ស៊ី នឹកចង់ធ្វើនាយករដ្ឋមន្ត្រីនោះ!? តើនេះចង់ផ្ញើសារនយោបាយថាម៉េចទៅ កឹម សុខា !? តើចង់ឲ្យ កឹម សុខា ប្រគល់តំណែងប្រធានបក្សមកវិញ ឬក៏ចង់ផ្ញើសារថា នឹងមានបក្សប្រហារឆាប់ៗនៅក្នុងបក្សសង្គ្រោះផេះនេះម្តងទៀត!? រឿងនេះ មិនពិបាកយល់ទេ។ ខ្ញុំឲ្យយោបល់ថា បើទណ្ឌិត សម រង្ស៊ី ចង់ប្រគួតយកតំណែងនាយករដ្ឋមន្ត្រី គឺមានតែដើរតាមលំអានដូចតទៅ៖

ទី១៖ សម រង្ស៊ី ត្រូវខំប្រគួតជាមួយ កឹម សុខា ដណ្តើមយកតំណែងប្រធានបក្សមកវិញឲ្យបានឆាប់ៗសិន ពីព្រោះលក្ខន្តិកៈបក្សបានកំណត់ច្បាស់ហើយថា វាទាល់តែជាប្រធានបក្ស ទើបអាចឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សបាន។ រឿងនេះត្រូវធ្វើឲ្យច្បាស់កុំបន្តបំភ័ន្តមហាជន ហើយចែកឲ្យដាច់មួយណាប្រធានបក្សពិតប្រាកដ មួយណាប្រធានបក្សសេះហោះ។

ទី២៖ តាមផ្លូវច្បាប់ គឺវាទាល់តែ «គ្មានទោស» ទើបអាចឈរជាគណៈនាយក ឬជាអ្នកដឹកនាំគណបក្សបាន។ ដូច្នេះ បើជាជនមានទោស ហើយចង់ដឹកនាំបក្ស ប្រយ័ត្នវារលាយទាំងបក្ស កុំចេះតែភូតប្រជាជន។

ទី៣៖ បើគ្មានសិទ្ធិបោះឆ្នោត បើគ្មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បើមិនជាប់ជាតំណាងរាស្ត្រ ហើយមានទោសទៅទៀត តែបែរជាស្រមៃចង់ប្រគួតយកតំណែងនាយករដ្ឋមន្ត្រី នោះវាគ្រាន់តែជាការរវើរវាយក្នុង «តំណែងសេះហោះ» តែប៉ុណ្ណោះ។ នេះចង់បញ្ជាក់ជាថ្មីតាមផ្លូវច្បាប់!។

ដូច្នេះ និយាយចុះនិយាយឡើង និងដល់តែយល់ចរិតពិតរបស់ទណ្ឌិត សម រង្ស៊ី បូករួមទាំងទិដ្ឋភាពផ្លូវច្បាប់ គឺអាចសរុបន័យបានថា សម រង្ស៊ី គឺ «អាជ័យចាក់ស្មុគ» សុទ្ធសាធ។ ដោយសារស្គាល់ច្បាស់ពីចរិតកំសាករបស់ សម រង្ស៊ី ដែលកូនអភិជនមានងារ «ជាជនក្បត់ជាតិ» គឺច្បាស់ណាស់ សម រង្ស៊ី នឹងមិនបោះបង់ចោលនយោបាយបោក ប្រាស មកចាប់យកវិទ្យាសាស្ត្រនយោបាយពិតត្រឹមត្រូវនោះទេ។ សម រង្ស៊ី ក៏នឹងមិនបោះបង់ចោលគំនុំនិងការសងសឹក មកចាប់យកការផ្សះផ្សានោះដែរ។ ជាងនេះ ហើយយើងអាចយល់បាន សម រង្ស៊ី នឹងមិនសុខចិត្តប្តូរពីការរស់នៅប្រណិតភាព នៅបរទេស មកដេកក្នុង «គុក» ឥតន័យនោះទេ។

តែយ៉ាងណា សម្រាប់ផែនការនៅក្នុងជាតិនេះ គឺទណ្ឌិត សម រង្ស៊ី ត្រូវប្រគួតជាមួយ កឹម សុខា ដណ្តើមយកតំណែងមេបក្សមកវិញឲ្យបានសិនទៅ។ ចំពោះបំណងប្រាថ្នាផ្ទាល់ខ្លួននិងការរវើរវាយអ្វីៗផ្សេងទៀត «ចាំជាតិក្រោយ ចាំគិតបន្តទៀត!»៕

ដោយ៖ សេនាជាតិ