(សៀមរាប)៖ ប្រាសាទនាគព័ន្ធ ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះខ័ន្ធ បានសាងសង់ឡើង ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទកោះ ស្ថិតនៅក្នុងបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ដូចជាប្រាសាទមេបុណ្យក្នុងបារាយណ៍ ដទៃទៀតដែរ។ ហើយប្រាសាទនាគព័ន្ធ នារដូវវស្សានេះ គឺមានទេសភាពដ៏ស្រស់បំព្រង គួរជាទីគយគន់ ទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

មន្រ្តីនៃអាជ្ញាធរជាតិអប្សរាម្នាក់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថាដឹងថា ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ហើយដូនតាខ្មែរយើង បានសាងសង់ នៅលើដីកោះដែលមានទំហំ ៣៥០ម៉ែត្រ បួនជ្រុង។ នៅជុំវិញប្រាសាទនេះ មានកូនអាងតូចៗចំនួន៥ ដែលស្ថិតនៅទិសខាងជើង ទិសខាងត្បូង ទិសខាងលិច និងទិសខាងកើត និងចំកណ្តាល ជុំវិញតួប្រាសាទ។ ហើយអាងទាំង ៥នេះ ធ្លាប់ត្រូវបានរីងស្ងួតលែងមានទឹក លើកលែងតែអាងកណ្តាល ដែលមានទឹកតែក្នុងរដូវវស្សា ប៉ុន្មានខែប៉ុណ្ណោះ។ ហើយកាលពីសម័យបុរាណប្រាសាទនាគព័ន្ធ មានតួនាទីមួយផ្សេងទៀត គឺជាមន្ទីរពេទ្យដែលប្រើប្រាស់រុក្ខជាតិជាឱសថបុរាណ ។

មន្ត្រីដដែលបានបញ្ជាក់ ចាប់ពីឆ្នាំ២០០៧មក ក្រោយពេលដែលអ្នកស្រាវជ្រាវបានរកឃើញប្រព័ន្ធទឹកបុរាណ និងបានជួសជុលព្រមទាំងបាន បង្ហូរទឹកចូលបារាយណ៍ជ័យតដាក ធ្វើឲ្យអាងទាំង៥ មានទឹកជាប្រចាំឡើងវិញ។ ហើយបច្ចុប្បន្ននៅរដូវវស្សានេះ ប្រាសាទនាគព័ន្ធ គឺមានទេសភាព ដ៏ស្រស់បំព្រង គួរជាទីគយគន់ ទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នារដូវដើមវស្សានេះ ភ្លៀងចាប់ផ្តើមធ្លាក់ រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ស្រស់ស្អាតគួរជាទីគយគន់ដែលបានទាក់ទាញ ភ្ញៀវទេសចរបានយ៉ាងច្រើន សម្រាប់អ្នកដែលបានទៅទស្សនា ប្រាសាទ និងទេសភាព នាតំបន់នោះពិសេសនៅពេលដែលអ្នកទស្សនា បានធ្វើតំណើរឆ្លងកាត់ស្ពានឈើឆ្ពោះកាន់ប្រាង្គប្រាសាទ ដែលស្ថិតនៅឯដីកោះ នាចំណុចកណ្ដាលបារាយណ៍ជ័យតដាក នោះ៕

សូមទស្សនារូបភាព អំពី ទេសភាពដ៏ស្រស់ស្អាត នាប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សានេះ៖