(ភ្នំពេញ)៖ មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១​៧នេះ ​បើក​ដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រ ដែលទើបនឹងជួសជុលថ្មី នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ​ភ្នំពេញស៊ីធីសេនធ័រ (PPCC)​​។

បច្ចុប្បន្ន សិស្សានុសិស្សចំនួន​៥០០នាក់ នៅ​មជ្ឈមណ្ឌល​ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងមានលទ្ធភាព អភិវឌ្ឍជំនាញ IT របស់ខ្លួន នៅក្នុងបន្ទប់ដែល បំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន។ នេះ​បើតាមការឲ្យដឹងពីលោក ​រ៉ូអែល សូតូ ដែលអ្នកតំណាងរបស់ដុនបូស្កូប្រចាំប្រទេសកម្ពុជា​។

លោក​ រ៉ូអែល សូតូ បានលើកឡើថា ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយសម្រាប់សិស្សានុសិស្ស​ទាំងអស់គ្នា ខណៈដែល ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល នៅទូទាំងពិភពលោក បន្តផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើង នៅក្នុងប្រទេសកម្ពុជា ដូច្នេះ​វាមានសារសំខាន់ខ្លាំងណាស់សម្រាប់សិស្ស ក្នុងការមានជំនាញ IT ដើម្បីអាចធ្វើការងារបាននៅក្នុងពិភពលោកថ្មីនេះ។

លោក​បន្តទៀតថា ក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញ សូមអរគុណចំពោះការគាំទ្ររបស់អ្នក គ្រប់គ្នាដែលបានចែករំលែក ចក្ខុវិស័យ​សម្រាប់ការគាំពារ បង្ហាត់បង្រៀន និងអភិវឌ្ឍយុវជននៅក្នុងប្រទេសកម្ពុជា ហើយ​លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ចំពោះសណ្តានចិត្តសប្បុរសធម៌។

ជាមូយគ្នានោះ លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញ​ស៊ីធីសេនធ័រ បញ្ជាក់ថា ភ្នំពេញស៊ីធីសេនធ័រ មានមោទនភាព ក្នុងការគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូ ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា។ លោកស្រីថា «​យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការឧបត្ថម្ភ សិស្សានុសិស្ស​២០រូប ឲ្យបន្តការសិក្សា និងឧបត្ថម្ភសម្ភារបរិក្ខារកុំព្យូទ័រ សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅរាជធានីភ្នំពេញនេះ យើងជឿជាក់ថាយុវជនកម្ពុជាជំនាន់ក្រោយៗ នឹងមានអនាគតល្អប្រសើរ»។

លោកស្រីបានបន្តទៀតថា ភ្នំពេញស៊ីធីសេនធ័រ បន្តអភិវឌ្ឍគម្រោងនៅចំ​បេះដូងនៃរាជធានីភ្នំពេញ តាមរយៈការផ្តល់គ្រឿងបរិក្ខារកម្សាន្ត និងការរស់នៅ លក្ខណៈទំនើប នៅក្នុងបរិយាកាសមួយដែលមានពណ៌បៃតង និងសុវត្ថិភាព សមស្របតាមបទដ្ឋានកម្ពុជា​ដើម្បីសម្រេចបាននូវបទពិសោធន៍ និងគុណភាពប្រសើរបំផុត ហើយក៏យល់ពីទិសដៅដែលកម្ពុជាកំពុងឆ្ពោះទៅមុខ និងជំនាញដែល​ត្រូវការដើម្បីនាំ​ទៅកាន់ទីនោះ។​

សូមជម្រាបថា ដុនបូស្កូកម្ពុជា បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ​១៩៩០ និងបានបង្កើតបណ្តាញ របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជួយដល់យុវជន ដែលងាយរងគ្រោះបំផុតមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនៅរាជធានីភ្នំពេញ ដុនបូស្កូ បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប។

សូមបញ្ជាក់ថា ភ្នំពេញស៊ីធីសេនធ័រ គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយ នៅចំបេះដូងនៃរាជធានីភ្នំពេញ ដោយផ្តល់នូវលំនៅដ្ឋាន ផ្ទះលក់ទំនិញ និងបរិក្ខារកម្សាន្តទំនើបៗ។ ជាមួយនឹងការមានច្រកចូលច្រើនកន្លែងនៅក្នុងតំបន់និងការយកចិត្តទុកដាក់ ចំពោះការផ្តល់បទពិសោធន៍បរិស្ថានបៃតង និងសុវត្ថិភាពនោះ  ភ្នំពេញស៊ីធីសេនធ័រ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជា នាពេលអនាគត៕