(ភ្នំពេញ)៖ ​ឆ្លើយតបចំពោះការ ប្រោសព្រះរាជទានគោរមងារ «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានពន្យល់ថា «សន្ដិបណ្ឌិត មានន័យថា ជនដែលមានបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការធ្វើឲ្យនគរ មានសន្ដិសុខ និងមានសណ្ដាប់ធ្នាប់ល្អ»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សេង ផល្លី បានពន្យល់យ៉ាងលម្អិតថា សន្ដិបណ្ឌិត បានមកពីពាក្យ សន្ដិ​ បូកជាមួយ បណ្ឌិត ហើយសន្ដិ យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន​ ណាត មានន័យថា មានសេចក្ដីស្ងប់ សេចក្ដីសាន្ដត្រាណ។ ក្នុងន័យនេះ សន្ដិ សំដៅលើការធ្វើឲ្យមាន សន្ដិសុខក្នុងនគរ មានសណ្ដាប់ធ្នាប់ល្អ មានរបៀបរៀបរយ មានសេចក្ដីស្ងប់ ពោលគឺ ការការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជូនជាតិ ប្រជាពលរដ្ឋ សហគមន៍ និងអង្គការរដ្ឋ។

ចំណែក ពាក្យថា បណ្ឌិត នាយឧត្តមសេនីយ៍រូបនេះ បញ្ជាក់ថា​ បណ្ឌិត សំដៅដល់ជនដែលមានបញ្ញាឈ្លាសវៃ អ្នកមានចំណេះដឹងជ្រៅជ្រះ និងអ្នកកាន់សុចរិត។ សុរបសេចក្ដីមក «សន្ដិបណ្ឌិត» មានន័យថា ជនដែលមានបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការធ្វើឲ្យនគរ មានសន្ដិសុខ និងមានសណ្ដាប់ធ្នាប់ល្អ។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស» ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាល និងប្រគល់គោរមងា «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន១៣រូប។

សូមបញ្ជាក់ថា​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» និងគោរមងារ​ «សន្ដិបណ្ឌិត» ទាំង១៣រូបនោះ រួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៣៖ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៤៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៥​៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី៦៖ នាយឧត្តមសេនីយ៍ លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៧៖ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៨៖ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៩៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយដ្ឋាន​​ ភស្ដុភារ និងហិរញ្ញវត្ថុ
ទី១០៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ទី១១៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទី១២៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយខុទ្ទកាល័យសម្ដេចក្រឡាហោម
ទី១៣៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕