(ចាកាតា)៖ បុរសម្នាក់មានអាយុ១៤៦ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលរស់នៅបានអាយុវែងជាងគេបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានស្លាប់បាត់បង់ជីវិតហើយ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាយប់ថ្ងៃទី២ ខែឧសភា​ ឆ្នាំ២០១៧នេះ។

បុរសវ័យចំណាស់ឈ្មោះ Sodimejo ដែលគេស្គាល់ឈ្មោះមួយទៀតថា Mbah Gotho មកពីតំបន់ Sragen ខេត្ត​ Central Java ត្រូវបានគេរាយការណ៍ ថាបានស្លាប់ នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលបានចំនួន២ថ្ងៃ។

ផ្អែកទៅលើអត្តសញ្ញាណប័ណ្ឌប្រជាជន បានឲ្យដឹងថា លោក Mbah Gotho ដែលមិនធ្លាប់ទទួលរងជំងឺណាមួយនោះ បានកើតនៅខែធ្នូ ឆ្នាំ១៨៧០។ លោកបានរស់នៅ រយៈពេលយ៉ាងយូរ ជាមួយនឹងប្រពន្ធចំនួន៤នាក់ និងកូនចំនួន៣នាក់។

កាលពីឆ្នាំមុន​ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងតំបន់ Jakarta Post លោក Mbah Gotho បានឲ្យដឹងថា «ខ្ញុំធ្លាប់បានចង់ស្លាប់អស់រយៈពេលជា យូរណាស់មកហើយ, ប្រពន្ធ កូន និងសមាជិកគ្រួសាររបស់ខ្ញុំ បានស្លាប់អស់ហើយ ប៉ុន្តែព្រះបានប្រទានឲ្យខ្ញុំជាមួយនឹងជីវិតដ៏វែង ហើយខ្ញុំត្រូវតែរស់នៅ ដោយអត់ធ្មត់ និងទទួលយកជោគវាសនារបស់ខ្ញុំ ឲ្យអស់ពីក្នុងចិត្ត»

សូមជម្រាបថា ការស្លាប់របស់លោក បានកើតឡើងក្រោយ៣ថ្ងៃ បន្ទាប់ពីស្ត្រីវ័យចាស់ជាងគេបំផុត នៅក្នុងប្រទេសម៉ាឡេស៊ី បានស្លាប់កាលពីថ្ងៃសុក្រ៕