(បាត់ដំបង)៖ លោកបណ្ឌិត​ រស់​ វណ្ណា​ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន អគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» បានដឹកនាំប្រតិភូស​ម្ព័ន្ធមេត្រីភាព​ និងលោក ប៉ែន​ រដ្ឋា​ តំណាងផ្សារទំនើបសូរិយា​ នាថ្ងៃទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧នេះ បានទៅចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហាន ពលទាហាន គ្រួសារកងទ័ពនៅកងការពារព្រំដែនគោកលេខ​៥០២ ចំណុះភូមិភាគ៥​ មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ​។

ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី​ មេបញ្ជាការប្រចាំទិសសំឡូត​ តំណាងលោកឧត្តមសេនីយ៍ឯក​ ប៊ុន​ សេង​ មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការភូមិភាគ​៥​ មេបញ្ជាការកងការពារព្រំដែនគោកលេខ​៥០២​ អភិបាលស្រុកសំទ្បូត​ និងកងកម្លាំងក្នុងភូមិសាស្ត្រ ស្រុកសំឡូត។​  

ក្រោយរបាយការណ៍ស្វាគមន៍ របស់កងការពារព្រំដែនគោកលេខ៥០២ និងមតិថ្លែងអំណរគុណរបស់មេបញ្ជាការប្រចាំទិសសំឡូតរួចមក លោកបណ្ឌិត រស់ វណ្ណា បានលើកពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយស្របតាមអនុសាសន៍​ និងពាក្យស្លោករបស់សម្តេចតេជោ «ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ​ នឹងផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ»​ និងបានបកស្រាយ ពីស្ថានភាពនយោបាយបច្ចុប្បន្ន​ នយោបាយភូតកុហក របស់គណបក្សប្រឆាំង និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល បានបង្កើតឡើង​ និងកំពុងខិតខំអនុវត្តបន្ត​។

ក្នុងដំណើរចុះសួរសុខទុក្ខនេះលោកបណ្ឌិត រស់ វណ្ណា រួមនិងស​ម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា បានឧបត្ថម្ភសំភារៈរួមមាន៖ អង្ករ, ស្បៀងអាហារ, សំភារៈគ្រឿងសំណង់, វិទ្យុទាក់ទង​, ម៉ូទ័រកាត់ដែក,​ ម៉ាស៊ីនផ្សារដែក,​ អាគុយ,​ សំបក់កង់រថយន្ត ព្រមទាំងឧបត្ថម្ភថវិកាចំនួន​ ​៤០,០០០​រៀល​ ដល់នាយទាហានម្នាក់​ និងពលទាហានចំនួន​៣០០​ នាក់ ក្នុងកងការពារព្រំដែនគោកលេខ​ ៥០២​ និងឧបត្ថម្ភអង្គពិធី​ ១,០០០,០០០​ លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ​ ៩៧,២៨៩,០០០​ រៀល៕