(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ សាលាឧទ្ទរណ៍ (សភាស៊ើបសួរ) នឹងបើកសវនាការលើសំណុំរឿង លោកមេធាវីជនជាប់ចោទលោក គឹម សុខ ដែលបានដាក់ពាក្យប្តឹងសុំ «បំពេញកិច្ច» ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានសាលាដំបូងច្រានចោល នឹងបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា ការប្តឹងបំពេញកិច្ចនេះ គឺជាការប្តឹងស្នើសុំបកស្រាយតទល់ចំពោះមុខរវាងដើមបណ្តឹង និងជនជាប់ចោទ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕