(ភ្នំពេញ)៖ បុរសសំណាងខ្ពស់លោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជាប្រមុខដឹកនាំគណបក្សសង្រ្គោះជាតិពេញសិទ្ធិ​ ក្រៅពីទទួលសារជូនពរពីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយនោះ, នៅពេលនេះយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស​ បានផ្ញើសារអបអរសាទរជូនលោក កឹម​ សុខា ដែលក្លាយជាប្រធានបក្ស និងអនុប្រធាន៣រូបទៀត។

លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Facebook បានឲ្យដឹងថា​ «អបអរសាទរ សមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៧។ អបអរសាទរ លោកប្រធាន កឹម សុខា លោកស្រីអនុប្រធាន មូរ សុខហួរ លោកអនុប្រធាន ប៉ុល ហំម និងលោកអនុប្រធាន អេង ឆៃអ៊ាង»

សូមជំរាបថា មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ហាក់អវត្តមាន នៅក្នុងសមាជវិសាមញ្ញ របស់គណបក្សសង្រ្គោះជាតិ ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនថ្មីរបស់បក្ស នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។ មន្រ្តីជាន់ខ្ពស់ដែលគេពុំឃើញមានវត្តមាន នៅក្នុងសមាជនោះរួមមាន លោក ជា ប៉ូច, លោក គង់ សភា និង លោក គង់ បូរ៉ា ដែលជាកូនរបស់លោកព្រឹទ្ធាចារ្យ គង់ គាំ ជាដើម។

ការពុំឃើញវត្តមានរបស់មន្រ្តីជាន់ខ្ពស់ បានធ្វើឡើងស្របពេលដែល Facebook ឈ្មោះ សីហា ទម្លាយអំពីសំឡេងសន្ទនាមួយរបស់ពួកគេ ដែលបង្ហាញថា ពួកគេពុំពេញចិត្តនឹងការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្រ្គោះជាតិ ដោយសារតែ លោក គង់ គាំ ដែលជាព្រឹទ្ធចារ្យនៅក្នុងបក្ស ពុំបានទទួលតំណែងអ្វីសោះ។

សូមជំរាបថា នៅរសៀលថ្ងៃព្រហស្បតិ៍​ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានផ្ញើលិខិត​ជូនពរលោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយអង្គសមាជបោះឆ្នោតជូននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»

លោក កឹម សុខា ដែលទើបជាប់ឆ្នោតជាប្រធានគណបក្សសង្រ្គោះជាតិពេញសិទ្ធិ នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានផ្ញើលិខិតថ្លែង អំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកបានទទួលសារជូនពរ ពីសម្តេច នៅរសៀលថ្ងៃមិញ។

សូមជំរាបថា នៅព្រឹកមិញនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែង​ប្រធានគណបក្សសង្រ្គោះជាតិ ជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕