(ភ្នំពេញ)៖ លោក កឹម សុខា ដែលត្រូវបានគេដឹងថា ជាអ្នកនយោបាយមានរាសីខ្ពស់កប់ពពកនោះ នៅពេលនេះទទួលបានអំណោយដ៏ធំបំផុត តាមរាសីដែលកំពុងឡើង បន្ទាប់ពីសមាជសោះកក្រោះមួយនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប្រគល់អំណាចដាច់ថ្លៃឲ្យដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេឲ្យរហ័សនាមថា ជាបន្ទាយព្រះអាទិត្យ។ យុវវ័យវ័យកណ្តាលដែលចូលចិត្តវិភាគនយោបាយបែបទស្សនៈភ្លឺនិយម បានផ្ញើលិខិតមិត្តអ្នកអាន មកកាន់អង្គភាពព័ត៌មាន Fresh News ទាំងកណ្តាលយប់ថ្ងៃព្រហស្បត្តិ៍នេះ ជាមួយចំណងជើងថា «សមាជមួយចម្អិនកំពិស ប្រថាប់ត្រាឱ្យលោក កឹម សុខា លេបយកបក្សទាំងមូល»។ តើខ្លឹមសារទាំងនោះមានអ្វីខ្លះសូមអានខាងក្រោម៖

ជយោ! កឹម សុខា បានគ្រប់គ្រងគណបក្សសង្គ្រោះជាតិទាំងមូលហើយ ! ត្រឹមតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ កឹម សុខា ត្រូវបានអង្គសមាជគណបក្ស ដែលមើលទៅរាងរញ៉េរញៃគ្មានសណ្តាប់ធ្នាប់បានសម្រេចបោះឆ្នោតជ្រើសរើស កឹម សុខា ជាប្រមុខដឹកនាំបក្សជំនួសអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ដែលចោលអង្ករយកអង្កាម លាលែងពីបក្សយ៉ាងស្លន់ស្លោ ដោយសារតែគេបំភ័យលើខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ។ ចំណែកឯអនុប្រធានបក្ស ទាំងបី គឺពីរនាក់មិនអាចប្រជែងឥទ្ធិពល ប៉ុល ហំម បានឡើយ។ ដូច្នេះបីកៅអីរបស់គណបក្សសិទ្ធិមនុស្សរបស់ កឹម សុខា ប៉ុល ហំម អាចឡើងមកគ្រប់គ្រង ២៦កៅអី កេរតំណែលជាង២០ឆ្នាំនៃជីវិតនយោបាយរបស់ សម រង្ស៊ី និង ក្រុមគាត់បានដោយជោគជ័យ។ ចាប់ពីអំណេះតទៅ កឹម សុខា ដែលបានចិញ្ចឹមមហិច្ឆតាក្តោបយកបក្សទាំងមូលទទួលបានជោគជ័យជាផ្លូវការ និងបញ្ចប់ទាំងស្រុងនូវសករាជបក្សបុគ្គលនិយម សម រង្ស៊ី និងឥទ្ធិពលក្រុមរបស់គាត់ក្នុងបក្ស។ ពិតជាគួរឱ្យសរសើរ! គួរឱ្យសរសើរ! រង់ចាំឱកាសនេះយូរណាស់មកហើយ!

សមាជនៅថ្ងៃទី២ មីនា នេះហាក់ដូចជាសោះកក្រោះ ខណៈអ្នកកាន់កម្មវិធីប្រឹងធ្វើឱ្យអធិកអធម! ក្រៀម ក្រំដោយសារតែសមាជិកបក្សមួយចំនួន ជាពិសេសក្រុមនិយម សម រង្ស៊ី ព្យាយាមគេចមិនចូលរួមដោយយកលេស នេះលេសនោះ ដូចជាសំឡេងបែកធ្លាយសន្ទនារវាង ជា ប៉ូច និងគង់ បូរ៉ា តំណាងរាស្ត្រសង្គ្រោះជាតិកូតា សម រង្ស៊ី សន្ទនាគ្នាដោយបង្ហាញពី «អារម្មណ៍ខឹងសម្បា និងប្រកូកប្រកាសមិនឱ្យតំណាងរាស្ត្រ ជាពិសេសសមាជិក គណៈកម្មាធិការនាយកមិនឱ្យទៅចូលរួមប្រជុំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សដើម្បីជា ការព្រមាន»

ចំណែកឯការលើកដៃក៏មិនសូវស្រុះគ្នាតែកាន់កម្មវិធីនាំគ្នាស្រែកថា លើកដៃជាឯកច្ឆន្ទដើម្បីបំភាន់មតិអ្នកគាំទ្រខ្លួនថា ពិតជាមានការគាំទ្រមែន។ រីឯ មុត ចន្ថា អ្នកកាន់កម្មវិធីជាមនុស្សរបស់ កឹម សុខា ត្រូវបានប្រើប្រាស់ដើម្បី ទប់សភាពការណ៍ក្នុងករណីតវ៉ាណាមួយ។ ដោយសារតែក្រុម សម រង្ស៊ី មិនមូលគ្នានេះហើយ បានជាបណ្តោយឱ្យ កឹម សុខា ធ្វើអ្វីស្រេចតែនឹងចិត្ត រហូតលេបបក្សបាន។ ពិតជាចោលម្សៀតមែន! តាមរយៈការសង្កេត និងស្តាប់សម្តីរបស់ដែលចេញពីសមាជ និងសំឡេងបែកធ្លាយ គណបក្សសង្គ្រោះជាតិពិតជាកំពុងតែបែកបាក់គ្នាធ្ងន់ធ្ងរណាស់ និងបែងចែកគ្នារវាងក្រុមកឹម សុខា និងក្រុមសម រង្ស៊ី។ ដើម្បីបិទបាំងភាអាម៉ាសបែកបាក់ធ្ងន់ធ្ងរនេះ យឹម សុវណ្ណ ដែលមុខឡើងស្អុយប៉ែអត់ហ៊ុងស៊ុយ ដោយសារតែមិនបានធ្វើប្រធានបក្សនឹង គេ បានចេញមកស្រែកសារលើកទឹកចិត្តខ្លួនឯងបែបរដាក់រដុបថា «គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ!» រឹងមាំផេះ អី! បើនាំគ្នាចែកជើងបណ្តើរៗហើយហ្នឹង! និងបានស្រែកថាទ្រាំទៅបងប្អូនយើងជិតឈ្នះហើយ! ឈ្នះផេះអី! បើ គ្រាន់តែសង្គ្រោះបក្ស និងសង្គ្រោះបុគ្គលខ្លួនឯងមិនបានផង មកសង្គ្រោះជាតិក្នុងភាពសុខសាន្ត និងអភិវឌ្ឍស្អី! តាមពិត មាត់យឹម សុវណ្ណ និយាយថាមិនស្តាយអំណាច តែក្នុងចិត្តពិតជាមានការសោកស្តាយដែលបាត់ឱកាសធ្វើជាអនុប្រធានបក្ស រហួតដល់និយាយដួលដើមក។ ស្រែកជយោ! លោកប្រធានកឹម សុខា ទាំងស្ទាក់ស្ទើរ។

នៅចំពោះមុខកឹម សុខា ដែលទើបឡើងក្តោបក្តាប់ប្រធានបក្សថ្មីៗ យឹម សុវណ្ណ បានសម្តែងអារម្មណ៍សោក ស្តាយក្តុកក្តួលដែលមិនឃើញ មានកៅអីសម្រាប់សម រង្ស៊ី។ ម៉េចហ្នឹងឃើញបើអ្នកនយោបាយត្រចៀកស សម រង្ស៊ី ចាញ់បោកកឹម សុខា រកស៊ីចូលហ៊ុនដាក់បក្សរួមគ្នា តែទីបំផុត កឹម សុខា បានចំណេញយកបក្សទាំងមូល។ ដើម្បីលួងចិត្តខ្លួនឯងទើប យឹម សុវណ្ណ និយាយថា «កៅអីលោកប្រធាននៅក្នុងបេះដូង»។ ពិតជាត្រឹមត្រូវ! សម រង្ស៊ី ឥឡូវគ្មានសិទ្ធិអ្វីចាត់ចែងក្នុងបក្សឡើយ ហើយក្រុម សម រង្ស៊ី និយមក៏ប្រុងប្រយ័ត្នខ្លួនទៅការបោសសម្អាតផ្ទៃក្នុងបក្ស នឹងចាប់ផ្តើមកាន់តែខ្លាំង ចំពោះអ្នកណាដែលរឹងរូសមិនព្រមរណប កឹម សុខា ដើម្បីធ្វើយ៉ាងណាបន្សាបឥទ្ធិពល សម រង្ស៊ី លើកតម្កើង និងកសាងកេរតំណែល កឹម សុខា វិញម្តង។

ទោះបីជាខំស្រែកថា គ្មានគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី តទៅទៀតទេ តែនេះគ្រាន់តែជាការលួងចិត្តពីការបែកបាក់ដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ។ តែចុងក្រោយ យឹម សុវណ្ណ ខ្លួនឯងបានសារភាព និងទទួលស្គាល់ថាពិតជាមានការបែកបាក់ក្នុងចំណោមសមាជិករបស់ខ្លួនពិត មែនដែលលេចចេញ ពីការរៀបចំបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ការប្រកួតប្រជែង រវាងអតីតគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។

នៅក្នុងចិត្តរបស់ យឹម សុវណ្ណ កឹម សុខា មិនស្ថិតនៅក្នុងក្រសែភ្នែកជាប្រធានរបស់ខ្លួនឡើយ និងនៅតែចាត់ទុក សម រង្ស៊ី ជាប្រធានបក្សរបស់ខ្លួនដដែល។ ចំពោះមុខ កឹម សុខា ដែលកំពុងមានយីអ៊ុនឡើងគ្រប់គ្រងបក្ស ទាំងមូល យឹម សុវណ្ណ បានសួរសមាជិកគណបក្សសង្គ្រោះជាតិថា «ចង់ឱ្យលោកប្រធានសម រង្ស៊ី វិលត្រឡប់មក វិញទេ?»។ អ្នកដែលស្រែកថាចង់ត្រូវបានគេសង្កេតឃើញតែក្រុមសម រង្ស៊ីប៉ុណ្ណោះ ចំណែកក្រុមកឹម សុខា ធ្វើភ្នែក ឡេងឡង់មើលមុខប្រធានខ្លួន មិនដឹងថាត្រូវទះអីគាំទ្រ ឬយ៉ាងណា ក្នុងចិត្តអាចគិតថា«យី អារំបល់យនេះ! បើកឹម សុខា ធ្វើជាប្រធានបក្សសង្គ្រោះជាតិទៅហើយ ខំហៅសម រង្ស៊ី មករកអីទៀត! ទោះបីចូលមកក៏មិនអាចធ្វើសមាជ ទម្លាក់កឹម សុខា ពីប្រធានបក្សបានដែរ!»។

កុំបន្ទោសទេវតា កុំបន្ទោសព្រហ្មលិខិត! នេះដោយសារតែភាពឆោត ល្ងង់ក្នុងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនឯងទេ ដែលបណ្តាលឱ្យ កឹម សុខា និងក្រុមគាត់ដែលបានអនុវត្តយុទ្ធសាស្ត្រទឹកកកយូរអង្វែងដើម្បីលេបបក្សបានសម្រេច។ ជារូបភាព គណបក្សសង្រ្គោះជាតិនៅដដែល តែខ្លឹមសារវិញ គឺ កឹម សុខា ដែលមានតែបីបក្សបានដឹកនាំគ្រប់គ្រងលើក្រុមសម រង្ស៊ី រួមនឹងយឹម សុវណ្ណផង! ហេហេ! សូម្បីតែកូន ក្មេងបៀមដៃក៏មើលយល់ថាពូរង្ស៊ី និងក្រុមគាត់ ក្នុងនោះមានពូ យឹម សុវណ្ណ ល្ងង់ដល់ថ្នាក់គេបោកយកបានបក្ស មួយទាំងមូល ហើយរៀបហៅគ្នីគ្នាមកពីតាមខេត្តដើម្បីរៀបចំពិធីប្រគល់ទង់បក្សឱ្យកឹម សុខាថែមទៀត។

នេះមិនហៅថា ចាញ់ចាស់វស្សាទេឬ? ចាញ់ក្នុងការបោះឆ្នោតបួនអាណត្តិមកហើយ និងបន្តចាញ់នាពេលខាងមុខទៀត ហើយចុងក្រោយនេះចាញ់ធ្ងន់តែម្តងគឺចាញ់នៅក្នុងយុទ្ធសាស្ត្រនយោបាយជាមួយគូប្រជែងទៀត។ មេទ័ពនិងកូនទ័ពរត់ចែកជើងគ្នាបាត់ព្រលឹង បាក់ទឹកចិត្តព្រោះមានមេទ័ពជាអ្នកនយោបាយអង្ករកំប៉ុង ហើយស្រែក ក្តែងៗទាំងគ្មានជំនឿក្នុងខ្លួនថា មានមេទ័ពគកោក ទាហានគគោក តាមពិតទាហាន និងមេទ័ពរបស់គេសោះ។ តែកុំនិយាយរឿងនេះច្រើនពេកព្រោះវាកាន់តែបង្ហាញភាពអាម៉ាស់កាន់តែធ្ងន់ ព្រោះចាញ់បោលកឹម សុខា មានតែបីកៅអី ឥឡូវបាន ៥៥ កៅអី និងឡើងធ្វើប្រធានបក្ស ពិតជាមានសំណាងទេវតាប្រទានពរមែន! តែរង្ស៊ី និងក្រុមគាត់កំពុងបាត់បង់ឥទ្ធិពល ហើយនឹងឈានដល់ការបញ្ចប់ទាំងស្រុងនូវជីវិតនយោបាយរបស់សម រង្ស៊ី។ ជូនពរមេបន្ទាយព្រះអាទិត្យថ្មី ដែលបានលេបបក្សបានសម្រេច! ចូលរួមសោកស្តាយ សម រង្ស៊ី លង់ក្នុងអំនួត ដែលត្រូវបញ្ចប់ជីវិតនយោបាយនៅពេលនេះ បានត្រឹមលោតពីខាងក្រៅ សោកស្តាយអ្នកសម រង្ស៊ី និយមដែលមានមេដឹកនាំគិតពីខ្លួនឯងជ្រុល ធ្វើឱ្យបងប្អូនអស់សង្ឃឹម ចេញពីបក្សធំមកក្រោមការដឹកនាំមេបក្ស ៣ កៅអី!

ដោយ៖ ចៅចាក់ស្មុក