(អ៊ីស្តង់ប៊ុល)៖ អាជ្ញាធរតួកគី​បានចាប់ជនសង្ស័យ​សរុប ២៦នាក់ហើយយក​ទៅឃុំខ្លួន​ពាក់ព័ន្ធ​ទៅនឹងការ​បំផ្ទុះគ្រាប់បែក​លើរថយន្តមួយ​គ្រឿង​នៅទីក្រុង Viranshir ភាគអាគ្នេយ៍​ប្រទេស​ ដែលបាន​បណ្តាលឲ្យក្មេង​តូច​ម្នាក់​ស្លាប់ និងមនុស្ស១៧នាក់​ទៀតរងរបួស។ នេះបើតាម​ការដកស្រង់​ការផ្សាយពី​សារព័ត៌មាន Channel News Asia នាល្ងាច​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

រថយន្តមួយគ្រឿង​ត្រូវបានគេបំផ្ទុះ បណ្តាលឲ្យ​ឆាបឆេះរថយន្តជុំវិញ​ជាច្រើនគ្រឿងទៀតកាលពី​ថ្ងៃសុក្រ សប្តាហ៍នេះ​ដែលបានបណ្តាល​ឲ្យសន្តិសុខម្នាក់ នៅទីសួនច្បារ​មុខលំនៅឋាន​រួមនេះ​ទទួលមរណភាព​ផងដែរ។ មិនទាន់​មានក្រុមណា​មួយ ចេញមុនអះអាង​ទទួលខុសត្រូវ​លើការវាយប្រហារ​ខាងលើនេះ​នៅឡើយទេ ប៉ុន្តែអភិបាល​ខេត្ត Mardin បានចោទចំៗ​តែម្តងទៅលើគណបក្ស​ពលករឃើដ PKK។

គួរបញ្ជាក់ថា​រដ្ឋាភិបាលតួកគី​បានចាត់ទុក​គណបក្សពលករ​ឃើដ ថាជាអង្គការ​ភេរវកម្ម​ដែលខ្លួន​បាន​អះអាងថា​បានបង្កការ​វាយប្រហារ​ជាច្រើនមក​ហើយ និងបានសម្លាប់​មនុស្សមិនតិច​ជាង ៤០,០០០នាក់​នោះឡើយ។ បទឈប់បាញ់​គ្នា​រវាង PKK និងរដ្ឋាភិបាល​តួកគី​ត្រូវបានបោះចោល​ក្នុងធុងសំរាម​កាលពី​ខែកក្កដា ឆ្នាំ២០១៥ ហើយចាប់​តាំងពីពេល​នោះមក​ការបំផ្ទុះ​គ្រាប់បែក និងវាយប្រហារ​គ្នា​កាន់​តែកក្រើក​ខ្លាំងឡើង​នៅប្រទេស​តួកគី៕