(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចាប់បុរសជនជាតិអង់គ្លេសម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាក្រុមឧក្រិដ្ឋជនឆ្លងដែន ក្រោយក្រុមពិឃាតអាជីពទាំនេះ បានសម្លាប់មនុស្សនៅប្រទេសថៃ ហើយលួចរត់មកសម្ងំលាក់ខ្លួននៅកម្ពុជា ក្នុងថ្ងៃនេះតែម្ដង។

មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលចូលរួមក្នុងប្រតិបត្តិការនោះ បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ តែចាប់បានម្នាក់ ជាជនជាតិ អង់គ្លេស ចំណែក៣នាក់ទៀត កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចចម្រុះក៏កំពុងតាមប្រមាញ់យ៉ាងសស្រះ សស្រាំផងដែរ។

មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបង្ហើបប្រាប់ថា នាពេលកន្លងមក ជនសង្ស័យមានវិវាទរឿងពាណិជ្ជកម្មនៅប្រទេសថៃជាមួយ ជនរងគ្រោះដែលស្លាប់នោះ ហើយជននេះបានបញ្ជាឲ្យជនសង្គមងងឹតជាដៃជើងរបស់ខ្លួន សម្លាប់គូវិវាទនោះទៅ។ បន្ទាប់មក មេក្លោងជនជាតិអង់គ្លេស និងបក្ខពួក បានរត់គេចខ្លួនមកសម្ងំលាក់ខ្លួន នៅប្រទេសកម្ពុជា ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ច កម្ពុជាចាប់ខ្លួនតែម្ដង។

មន្រ្តីនគរបាលបានបន្តថា ខាងស្ថានទូតអង់គ្លេសមិនអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យជនជាតិអង់គ្លេងម្នាក់នេះ ទៅកាត់ទោសនៅ ប្រទេសថៃវិញទេ គឺប្រគល់ជូនសមត្ថកិច្ចរបស់តុលាការកម្ពុជា ជាអ្នកដោះស្រាយតាមនីតិវិធីច្បាប់។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យខាងលើនៅឡើយទេ ហើយកំពុងដំណើរការសំណុំរឿង ជនខាងលើ ជាបណ្ដើរៗហើយ៕