(ភ្នំពេញ)៖ គ្រាប់បែកផ្ទុកដោយសារធាតុគីមី ដ៏គ្រោះថ្នាក់បំផុតចំពោះប្រជាពលរដ្ឋខ្មែរ ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ទម្លាក់មកលើកទឹកដីកម្ពុជា ហើយត្រូវ​បានកម្លាំង មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) រកឃើញចំនួន២ទីតាំង នៅក្នុងសាលាបឋមសិក្សា និងវត្តគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនោះ មន្ត្រីស៉ីម៉ាក់នឹងចុះប្រតិបត្តិការដោះ នៅសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ។​

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា បើតាមលក្ខណៈបច្ចេកទេស ក្រោយដោះគ្រាប់បែកផ្ទុកជាតិគីមី ដ៏គ្រោះថ្នាក់នេះបានហើយ ស៉ីម៉ាក់នឹងត្រូវយកទៅកម្ទេចចោល ឬបន្សាបនៅកណ្តាលសមុទ្រ ឬក៏នៅកណ្តាលព្រៃភ្នំដាច់ស្រយាល។ ប៉ុន្តែដោយសារបញ្ហានេះ មានលក្ខណៈស្មុគ្រស្មាញនៅឡើយ ដូច្នេះស៉ីម៉ាក់ ត្រូវតែសិក្សាឲ្យលម្អិតជាមុនសិន ដោយសម្រេចរក្សាទុក គ្រាប់បែកគីមីនេះ នៅកន្លែងដែលមានសុវត្ថិភាព និងប៉ះពាល់ប្រជាពលរដ្ឋ។

លោក សរ ហ៊ុន ដែលជាសមាជិកក្រុមប្រឹក្សាឃុំគគីរ ស្រុករមាសហែក បានថ្លែងប្រាប់អង្គភាព Fresh News ថាទីតាំងដែលកប់គ្រាប់បែកគីមី ដែលសល់ពីអាមេរិកទម្លាក់នោះ មាន២ទីតាំង ដោយមួយទីតាំង ស្ថិតនៅជិតសាលាបឋមសិក្សាគគីរ ដែលមានសិស្សកំពុងរៀនចំនួនជិត៥០០នាក់ និងមួយទៅទីតាំងទៀតស្ថិតនៅ ជិតសាលាឆាន់របស់ព្រះសង្ឃក្នុងវត្តគគីរ ដែលមានព្រះសង្ឃ កំពុងគង់នៅចំនួន៤អង្គ។

បើតាមលោក ហេង រតនា ដើម្បីប្រតិបត្តិការដោះគ្រាប់បែកផ្ទុកជាតិគីមី ដ៏គ្រោះថ្នាក់ដែលបន្សល់ដោយ សហរដ្ឋអាមេរិកទម្លាក់ពីយន្តហោះ លើទឹកដីកម្ពុជា ក្នុងខេត្តស្វាយរៀង ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧នោះ ស៉ីម៉ាកត្រូវបង្ខំចិត្តជម្លៀសសិស្សសាលា និងព្រះសង្ឃចំនួនប្រមាណ៥០០អង្គ/នាក់ ចេញពីតំបន់ប្រតិបត្តិការ ក្នុងរយៈពេលខ្លី ដែលមានចម្ងាយពីតំបន់ប្រតិបត្តិការ យ៉ាងតិច៣គីឡូម៉ែត្រ។

លោក ហេង រតនា បញ្ជាក់ទៀតថា មន្ត្រីជំនាញបច្ចេកទេសរបស់ស៉ីម៉ាក់ កំពុងសិក្សាបន្ថែមថា តើត្រូវជម្លៀសប្រជាពលរដ្ឋរស់នៅតំបន់ជិតនោះ ចេញដែរឬយ៉ាងណា?។

អគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលព័ត៌មានពីបញ្ហាគ្រាប់បែកគីមីនេះ កម្លាំងស៉ីម៉ាក់ចុះទៅពិនិត្យភ្លាមៗ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ តាមពិតយើងចង់ធ្វើបើកប្រតិបត្តិការ នៅចុងសប្តាហ៍នេះ ប៉ុន្តែដោយសារចុងសប្តាហ៍នេះ បងប្អូនប្រជាពលរដ្ឋ មានកម្មវិធីចូលឆ្នាំចិន ដោយមិនចង់រំខានពួកគាត់ ទើបយើងសម្រេចបើកប្រតិបត្តិការ នៅសប្តាហ៍ទី១ ខែកុម្ភៈវិញ»។    

បើតាមលោក ហេង រតនា គ្រាប់បែកគីមី ប្រភេទ​ Chlorobenzalmalononitrile (CS) មានចំរុះប្រមាណជាង២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋបានកប់ចោល ក្បែរសាលាឆាន់ និងក្នុងវត្ត កាលពីខែកុម្ភៈ ឆ្នាំ១៩៧០​ ក្រោយពីបានទំលាក់ចំនួន៤គ្រាប់ ​ដោយចំសាលាឆាន់ផ្ទុះ ចំនួន២គ្រាប់ និងមិនទាន់ផ្ទុះសល់មកដល់សព្វថ្ងៃនេះចំនួន២គ្រាប់។​ បច្ចុប្បន្នគ្រាប់ទាំង២គ្រាប់ នៅក្នុងទីធ្លាសាលា មានសិស្សានុសិស្សយ៉ាងច្រើន​ ហើយក្នុងមូលដ្ឋាន ក៏មានប្រជាពលរស់នៅជុំវិញច្រើនដែរ​ ព្រមទាំងជាទីអារ៉ាមផងដែរ​ ដូចនេះកិច្ចប្រតិបតិ្តការត្រូវជន្លៀស ប្រជាពលរដ្ឋចេញមួយរយៈពេលខ្លី ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងប្រតិបត្តិការ។

លោកអគ្គនាយករូបនេះបានបញ្ជាក់ទៀតថា គ្រាប់បែកគីមីដែលស៊ីម៉ាក់ រកឃើញ​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះ ហើយគ្រាប់បែកនេះប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។

បើតាមលោក ហេង រតនា គ្រាប់បែកគីមីប្រភេទ CS នេះស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺន​កន្លែងផងដែរ៕