(ប៉េកាំង)៖ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក «ធ្វើសកម្មភាព និងនិយាយស្តីអ្វីប្រកបដោយការប្រុង​ប្រយ័ត្នខ្ពស់ទៅលើបញ្ហាសមុទ្រចិនខាងត្បូង» ព្រោះប្រទេសចិន​មានអធិបតេយ្យ​ភាពយ៉ាងពេញ​លេញ​ មិនអាច​ប្រកែកបានទៅ​លើប្រជុំ​កោះ​ស្ព្រាតលី ដែលស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូង ខណៈប្រទេស​អាស៊ាន​មួយចំនួនកន្លងមក ក៏បានអះអាង​អធិបតេយ្យភាព​​ផងដែរនោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងដូចខាងលើនេះ​នៅក្នុង​បទសង្ខេបព័ត៌មានប្រចាំថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញានៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងរារាំងប្រទេសចិនឲ្យមិនលេបយកដែនដីនៅក្នុងតំបន់ដែនទឹក​អន្តរជាតិរបស់សមុទ្រចិនខាងត្បូងនោះឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពី​អំឡុងយុទ្ធនា​ការឃោសនា​រកសំឡេង​ឆ្នោត​ រហូតដល់​បានក្លាយជា​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បានបន្ត​រិះ​គន់ខ្លាំងៗ​លើ​​ប្រទេស​ចិន ​ចំពោះ​ការខាតបង់​នៅក្នុងការ​ធ្វើពាណិជ្ជកម្ម​ ក៏ដូចជា​ការបាត់បង់​ការងារ​របស់​សហរដ្ឋ​អាមេរិក។ មនុស្សគ្រប់គ្នា​បានមើលឃើញ​យ៉ាងច្បាស់​ហើយថា​ លោក ដូណាល់ ត្រាំ ដែលទើប​តែបានស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតីថ្មី​ របស់​សហរដ្ឋអាមេរិក​បន្តពី​លោក បារ៉ាក់ អូបាម៉ា បានត្រៀម​ខ្លួនរួចជា​ស្រេច​ដើម្បីប្រកាន់​ជំហរ​តឹងរ៉ឹង​ ចំពោះប្រទេសចិន​ជុំវិញបញ្ហា​ជាច្រើន ក្នុងសមុទ្រចិន​ខាងត្បូងក្នុងស្ថិតនៅក្នុងរបៀបវារៈ​របស់រដ្ឋាភិបាល​ថ្មី​អាមេរិកផងដែរ៕