(ភ្នំពេញ)៖ យុវជនមួយក្រុម ត្រៀមរៀបចំធ្វើពិធីសំពះគុណគ្រូល្ខោនខោល ដើម្បីរំឭកដល់គុណបំណាច់ របស់ព្រឹទ្ធាចារ្យល្ខោនខោលលោកតា យិត សារិន ហៅ​ ស្វាស ដែលបានចំណាយពេល ពេញមួយជីវិតក្នុងបុព្វហេតុ ថែរក្សាមរតកដូនតាមួយនេះ។ ​បច្ចុប្បន្ន លោកតាកំពុងមានជំងឺធ្ងន់ធ្ងរ ដោយត្រូវសម្រាក សម្រានលើកន្ទេល។
ពិធីសំពះគ្រូនឹងធ្វើឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។

លោក កែវ សាស្ត្រា បានថ្លែងប្រាប់ Fresh News និង Khmertalking  ថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ ស្រឡាញ់នូវសិល្បៈវប្បធម៌ លោកនិងសហការីមួយចំនួន បាន​សម្រេច​ចិត្តរៀបចំពិធីសំពះ គុណគ្រូនេះឡើង ព្រោះចង់ថ្លែងអំណរគុណចំពោះវីរៈភាព ការខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីថែរក្សាល្ខោនខោល ជូនដល់​ពលរដ្ឋ​កម្ពុជា ទុកជាកេរ្តិ៍ដំណែលបន្សល់​ពីអ្នកជំនាន់មុន។ លោកតាបានចាកចោលស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយ​ធ្លាប់​បានចូលរួមសម្ដែង ក្នុងកម្មវិធីធំៗនៅក្នុ​ងព្រះបរមរាជវាំង និងមហោស្រពជាតិ- អន្តរជាតិជាច្រើន ព្រមទាំងបានបង្រៀនល្ខោនខោល ដល់សិស្សជាច្រើនជំនាន់តាំងពីឆ្នាំ១៩៨០ រហូតមកដល់សព្វថ្ងៃនេះ!»

លោកបន្តថា អ្វីដែលមិនអាចកាត់ថ្លៃបាន ក្រៅពីការលះបង់របស់លោកតា​ពេញមួយជីវិត លោកតាក៏បានចងក្រងសៀវភៅ អំពីល្ខោនខោលខ្មែរ តាំងពីដើមរហូត​ដល់ចប់​នូវ​រឿងរាមកេរ្តិ៍ មានចំនួនជាង១០០ភាគឯណោះ។ ​ក្នុងចំណោមស្នាដៃចងក្រងសៀវភៅ របស់លោកតាទាំងបីក្បាល ទើបតែបានបោះពុម្ពឡើង​មួយក្បាលប៉ុណ្ណោះ ដោយ​ខ្វះថវិកា​ និងការជ្រោមជ្រែង។

ក្រៅពីនេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏បានផលិតចងក្រងរូបក្បាំងមុខ តួអង្គល្ខោនខោលផងដែរ បានចំនួនជាង១០០តួអង្គ ដែលមានមុខ និងពណ៌ខុសៗគ្នា។ ការលះបង់​របស់​លោកតា ស្វា-ស ពុំមានអ្វីអាចកាត់ថ្លៃបាននោះទេ។ ដូច្នេះក្រុមរបស់លោក ក្នុងនាមជាអ្នកជំនាន់ក្រោយ ដែលស្រឡាញ់នូវសិល្បៈប្រភេទនេះ ទើបសហការគ្នា​រៀបចំ​ពិធីសំពះគ្រូឡើង ខណៈកំពុងស្វះស្វែងរកជំនួយនៅឡើយ។

ទោះបីជាពេលនេះ នៅមិនទាន់មានការចូលរួមឧបត្ថម្ភយ៉ាងណាក្ដី ប៉ុន្តែលោកជឿជាក់ថា សប្បុរសជន នឹងមិនមើលនឹងភ្នែកនោះទេ ហើយបរិច្ចាគថវិកា​តាម​លទ្ធភាព ដើម្បីជ្រោមជ្រែងកម្មវិធីនេះមិនខាន។ ប្រសិនបើមានសប្បុរសជនណា ចង់ចូលរួមសប្បុរសធម៌ បរិច្ចាគធនធានជួយដល់កម្មវិធីនេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៣ ៨២២ ២៦២ សមាជិកក្រុមរបស់លោក នឹងរងចាំស្វាគមន៍ដោយក្ដីរីករាយបំផុត៕