(ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៦នេះ​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ បាន​បញ្ជូន​យុវជន​ម្នាក់ ​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​ផលិតក្រដាស​ពន្ធ​ក្លែងក្លាយ និង​ឯកសារ​សាធារណៈ​ជា​ច្រើន​ទៀត។

សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំស្ថាប័នតុលាការ បានបញ្ជាក់ថា បច្ចុប្បន្ន​យុវជន​រូប​នេះ ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ ​របស់​តុលាការ​។

គួររំលឹកថា នៅថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៧៖២០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់​ចំណុច​ដីឡូតិ៍ លោក ម៉ៅ សុផល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ បាន​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិ​គ្រប់​គ្រង ជិះ​ម៉ូតូម៉ាកហុងដាឌ្រីម​សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ1FB-7917 ដោយ​មាន​ការ​សង្ស័យ សមត្ថកិច្ចបានហៅ​ឲ្យ​ឈប់ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងមួយ​​ចំនួន រួមមាន៖

ទី១៖​ ប័ណ្ណបើកបរចំនួន២០ច្បាប់
ទី២៖ ​ប័ណ្ណ ត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់
ទី៣៖​ ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន១៣ច្បាប់
ទី៤៖ ប័ណ្ណ​សម្គាល់​យាន​យន្ត (កាតគ្រី) ចំនួន៦ច្បាប់
ទី៥៖ ​ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន១៥ច្បាប់
ទី៦៖ ​កាបូបស្ពាយពណ៌ខ្មៅចំនួន១​
ទី៧៖​ ទូរស័ព្ទដៃ ម៉ាក សាំសុង ពណ៌ទឹកប្រាក់ ចំនួនមួយ​គ្រឿង
ទី៨៖​ កាបូបលុយ ពណ៌សូកូឡាចំនួន១
ទី៩៖​ លុយខ្មែរ ចំនួន ៥០០០០រៀល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ យកមកធ្វើការសាក​សួរ​នៅ​អធិ​ការ​ដ្ឋាន នគរបាលខណ្ឌដង្កោ។

ក្រោយការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច ស្គាល់អំពីទីតាំង ផលិត​ឯក​សារ​ក្លែងក្លាយទាំងអស់ នៅចំណុចផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ នៅបន្តចុះឆែកឆេរនៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១​៦ ដោយបានរកឃើញសម្ភារ និងឧបករណ៍សម្ភារ ផលិតឯកសារក្លែងក្លាយមួយចំនួនធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេពិតជាបានលួច​ផលិត និងក្លែងឯកសារ សាធារណៈ ក្លែងត្រា ប្រើប្រាស់​ឯក​សារ​ក្លែង​ក្លាយប្រាកដមែន ដោយមានរយៈពេល៧ខែមកហើយ។ ​ការ​ដែល​ខ្លួន ចេះធ្វើឯកសារ ក្លែងក្លាយនេះ គឺខ្លួនបានទៅរៀននៅប្រទេសវៀតណាម ពេលរៀនចេះក៏បាន កុម្ម៉ង់​ទិញម៉ាស៊ីនផលិតពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង១ម៉ឺនដុល្លារអាមេរិក រួច​សំភារៈ​ផ្សេងៗ​​ទៀតដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសំភារៈផ្សេងទៀត ទិញនៅស្រុកខ្មែរ លើក​លែង​តែ​សំភារៈ​សម្រាប់​ផលិត ( ជ័រ កាវ ទឹកថ្នាំ ) ទិញមកពីប្រទេសវៀតណាម ដែលខ្លួនជាអ្នកទៅទិញផ្ទាល់។

ចំណែកការធ្វើប័ណ្ណផ្សេងៗ ទៅតាមម៉ូយកុម្មង់ឲ្យធ្វើ ដោយគេបានយកឯកសារ ពាក់ព័ន្ធ​ដែល​ត្រូវ​ធ្វើ​ ទើបខ្លួនធ្វើទៅតាមឈ្មោះ និងទីលំនៅរបស់គេ ។ ពេលធ្វើបានហើយ ខ្លួនជាអ្នកយកទៅឲ្យម៉ូយ​ដោយ​ផ្ទាល់ ចំនួន០៤នាក់ រួចមកហើយ ដោយក្នុង១ថ្ងៃៗ បានលុយចាប់ពី ១០០០ដុល្លារ ទៅ ២៥០០​ដុល្លារ ម៉ូយទាំង០៤នាក់ខាងលើ គេបានកុម្ម៉ង់យកជាប្រចាំរាល់ថ្ងៃ។ ហើយក្នុងតម្លៃ ខ្លួន​បាន​លក់​ប័ណ្ណឲ្យម៉ូយ គឺពន្ធលើទំនិញនាំចូល (ម្ញ៉ែតគយ) ពីរថយន្តស៊េរីទាប រហូត​ដល់ស៊េរី​ខ្ពស់​លក់​តម្លៃ ៥ដុល្លារ ប័ណ្ណបើកបរយានយន្ត លក់តម្លៃ ៦០ដុល្លារ ប័ណ្ណសំគាល់យានយន្តម៉ូតូ ៥​០ដុល្លារ រថយន្ត​តម្លៃ ៨០ដុល្លារ និងប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ប័ណ្ណពន្ធ ៨០០០០រៀលជាដើម៕