(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងនៅថ្ងៃទី២៦ ខែធ្នូនេះថា ដោយសារតែតម្លៃកៅស៊ូ នៅចុងឆ្នាំ២០១៦នេះ បានហក់ឡើងវិញ តម្លៃជាមធ្យម១៩០០ដុល្លារក្នុង១តោននោះ បានធ្វើឲ្យបញ្ហាកង្វល់របស់អ្នកដាំកៅស៊ូ បានរសាយម្តងបន្តិចៗ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្នុងអង្គភាព អគ្គនាយកដ្ឋានកៅស៊ូ។

លោក វេង សាខុន បានថ្លែងថា ទោះបីផលិតកម្មកៅស៊ូ បានកើនឡើងក៏ពិតមែន ប៉ុន្តែនៅឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦កន្លងមកនេះ គឺជាឆ្នាំដែលអនុវិស័យ កៅស៊ូ ជួបផលវិបាកយ៉ាងខ្លាំងបំផុត ដោយសារតែថ្លៃកៅស៊ូបានធ្លាក់ចុះយ៉ាងច្រើន មិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

លោករដ្ឋមន្ត្រីបន្តថា ពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះរហូតដល់ថ្លៃជាមធ្យម សល់តែ១២០៣ដុល្លារ ក្នុង១តោន ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៤ ដែលតម្លៃជាមធ្យមស្នើនឹង ១៥៣៩ដុល្លារក្នុង១តោន ហើយដែលកាលពីឆ្នាំ២០១១ មានតម្លៃជាមធ្យម រហូតដល់ជាង៤៥០០ដុល្លារឯណោះ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «និយាយជារួមបញ្ហានេះ (បញ្ហាធ្លាក់ចុះតម្លៃកៅស៊ូ) ជាកង្វល់រួមរបស់បណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ និងនិយាយដោយឡែក ក៏ជាកង្វល់របស់រាជរដ្ឋាភិបាល និងកសិករផលិតកៅស៊ូ នៅកម្ពុជាទាំងមូលផងដែរ។ ប៉ុន្តែកង្វល់ទាំងនេះ បានរសាត់ម្តងបន្តិចៗទៅហើយ ដោយសារតែតម្លៃកៅស៊ូ បានហក់ឡើងវិញ នៅចុងឆ្នាំនេះ ក្នុងតម្លៃមធ្យម ១៩០០ដុល្លារក្នុង១តោន»

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី វេង សាខុន គិតមកដល់ត្រឹមចុងឆ្នាំ២០១៦នេះ ផ្ទៃដីកៅស៊ូ របស់កម្ពុជា មានរហូតដល់ជាង ៤៣ម៉ឺនហិកតាទៅហើយ៕