(ភ្នំពេញ)៖​ សមាជិកក្រុមប្រឹក្សាភិបាលសហពន្ធ័សហជីពស្មារតីកម្មករកម្ពុជាទាំងអស់នៅរសៀលថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០១៦ នេះ បានបើកកម្មវិធីសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦​ និងលើកផែនការងារសកម្មភាព សម្រាប់ឆ្នាំ២០១៧​ ។

លោក លី ចាន់សុភក្ដី ប្រធាន​ក្រុមប្រឹក្សាភិបាល សហពន្ធ័សហជីពស្មារតីកម្មករកម្ពុជា  បានថ្លែងឱ្យដឹងថា​  បន្ទាប់ពីអានរបាយការណ៍បូកសរុបប្រចាំឆ្នាំ​២០១៦រួចមក​  លោកបានផ្សព្វផ្សាយស្តីពីការតម្លើងប្រាក់ឈ្នួលថ្មី សម្រាប់បងប្អូនកម្មករក្នុងឆ្នាំ២០១៧ ខាងមុខនិងផ្សព្វផ្សាយច្បាប់ស្តីពីសហជីព​ ដែលរដ្ឋសភាទាំង២​បានអនុម័តនិង​ចាប់ផ្តើមអនុវត្តតាំងពីខែមេសាឆ្នាំ២០១៦មកម្ល៉េះ​  ។

លោកក៏បានថ្លែងអំពីសិទ្ធិសេរីភាពនិងការលំបាកផ្សេងៗរបស់បងប្អូនកម្មករតាមរយៈច្បាប់សហជីព​  ហើយរាល់សំណូមពររបស់កម្មករ​ លោកនឹងពាំនាំយកទៅជួន​លោករដ្ឋមន្ត្រីក្រសួង​ការងារ​  ជួយដោះស្រាយ​។

ក្រោយពេលបញ្ចប់សន្និបាតប្រកបដោយភាពរីរាយនិងស្និទ្ធស្នាល លោកក៏បានជួបជុំពិសាអាហារសាមគ្គី រួមគ្នាដើម្បីអបអរសារទ ចូលឆ្នាំថ្មី ២០១៧ ៕