(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន កម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាគមអតីតយុទ្ធជន កម្ពុជា នៅស្រុកបវេល​ ខេត្តបាត់ដំបង។  

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពគឺមានតម្លៃណាស់ ដូចច្នេះការស្វែងយល់តម្លៃសុខសន្តិភាព គឺស្វែយល់ពីការខិតខំរបស់អ្នកស្វែងរកសន្តិភាព គឺអតីតយុទ្ធជនដែលបានលះបងសាច់ស្រស់ ឈាមស្រស់ក្នុងការស្វែងរក សន្តិភាព ជូនប្រជាជនដែលធ្វើឱ្យប្រទេសមួយក្លាយ ពីសង្គ្រាមមកជាប្រទេស ដែលមាសុខសន្តិភាព គឺមួយផ្នែកបាន ដោយសារគុណបំណាច់ របស់អតីតយុទ្ធជនដែលនេះ គឺជាមោទនភាពសម្រាប់ មនុស្សគ្រប់គ្នា។

លោកបានថ្លែងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ លើកម្ពស់ជីវភាពមន្ត្រីរាជការស៊ីវិលកងកម្លាំង ប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទាន ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោកលើកឡើងថា «តំណាងឲ្យប្រជាជនទាំងអស់ ខ្ញុំសូមថ្លែងនូវគុណូបការៈ នូវការលះបង់របស់អតីតយុទ្ធជន ក្នុងការបំពេញភារកិច្ច ស្វែងរកសន្តិភាពជូនប្រជាជន»

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាគុណធម៌ និងជាការដឹងគុណចំពោះអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជន នោះទេ គឺបានខិតខំយកចិត្តទុកដាក់ដោះស្រាយនូវតម្រូវការផ្សេងៗ ការលើកស្ទួយជីវភាពរស់នៅនិងលើកតម្កើង កិត្តិយសអតីតយុទ្ធជន តាមរយៈគោលនយោបាយ រាជរដ្ឋាភិបាលនិងយន្តការប្រកបដោយប្រសិទ្ធភាព។

បើតាមរបាយការណ៍ សមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកបវេល ខេត្តបាត់តំបង គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ការគ្រប់គ្រងសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង មានសមាជិកសរុបចំនួន ១០,២៤៦នាក់ក្នុងនោះពិការ ចំនួន៤,៥៤៦នាក់ និវត្តជន ចំនួន៣,១៨៧នាក់ បាត់បង់សមត្ថភាព១៤៤នាក់ ពលីចំនួន២,១១៦នាក់និងមរណៈចំនួន ២៥៣នាក់។ ការធ្វើបច្ចុប្បន្នភាពនេះ គឺជាការបង្ករលក្ខណៈឲ្យថ្នាក់ដឹកនាំ ស្វែងយល់ពីស្ថានភាពរបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ការបើកថវិកាមរណៈសង្គ្រោះបានទាន់ពេលវេលា ការជួយឧបត្ថម្ភជ្រោមជ្រែង ដល់សមាជិកទីទាល់ក្រ មានជំងឺធ្ងន់ធ្ងរ និងការកសាងលំនៅដ្ឋាន ជូនអតីតយុទ្ធជនដែលមានជីវភាពទីទាល់ក្រ។

សូមបញ្ជាក់ថា ក្រោយពីពិធីសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនរួចមក លោក ហ៊ុន ម៉ាណែតនិងក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ០១ខ្នង ទំហំ ៦ម៉ែត្រ គុណ ៨ម៉ែត្រ ក្រាលការ៉ូដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ផាន់ សាម៉េត អាយុ៥៦ឆ្នាំ ជាជនពិការរស់នៅភូមិអន្លង់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជាកម្មសិទ្ធសម្រាប់រស់នៅអស់មួយជីវិត និងបានផ្តល់គ្រឿងឧបភោគបរិភោគជាច្រើនទៀត៕