(ភ្នំពេញ)៖ សារព័ត៌មាន The Diplomat ដ៏ល្បាញល្បីមួយនៅតំបន់អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញផ្សាយនាពេលថ្មីៗ នេះជាមួយចំណងជើងថា «ឈប់ធ្វើពុតថា មីយ៉ាន់ម៉ារជាប្រទេសប្រជាធិបតេយ្យទៀតទៅ /Stop Pretending Myanmar Is a Democracy» របស់សារព័ត៌មាន The Diplomat ចុះផ្សាយដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖

ការបង្ក្រាបដ៏ឃោរឃៅមកលើប្រជាជនរ៉ូហីងយ៉ា (Rohingya) របស់មីយ៉ាន់ម៉ារ នៅក្នុងរដ្ឋរ៉ាខាញ (Rakhine) ដែលបាន ចាប់ផ្តើមកាលពីខែមុន បង្ហាញថា ពិភពលោកមិនអាចចាត់ទុកមីយ៉ាន់ម៉ារ តាមរយៈទស្សនៈនៃជំនឿដោយផ្អែកលើ សព្ទសាធុការពរជាងការពិត (wishful thinking) បានទៀតទេ។ លោកស្រី អ៊ុង សានស៊ូជី មិនមែនជា Nelson Mandela របស់មីយ៉ាន់ម៉ារ ហើយដោយសាររដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា នឹងមិនអាចធ្វើឱ្យគាត់ក្លាយជា Nelson Mandela របស់មីយ៉ាន់ម៉ារបានទេ។ មីយ៉ាន់ម៉ាមិនមែនជាប្រទេសប្រជាធិបតេយ្យ ហើយមិនគួរចាត់ទុកជាប្រទេសប្រជាធិបតេយ្យទេ។

នៅពេលដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះការបោះឆ្នោត ដូចការរំពឹងទុកមួយឆ្នាំកន្លងទៅហើយ យោធាបានបន្តកាន់កាប់ត្រួត្រាលើសន្តិសុខជាតិ រួមមានប្រព័ន្ធប៉ូលីស និងយុត្តិធម៌។ និយាយចំទៀ រដ្ឋាភិបាល NLD គ្មានការត្រួតត្រាលើយោធា ហើយគ្មានអំណាច ដើម្បីទប់ស្កាត់ការប្រព្រឹត្តបំពាន លើសិទ្ធិមនុស្សទេ។ កំណែទម្រង់រដ្ឋធម្មនុញ្ញមិនអាចទៅរួច ដោយគ្មានការឯកភាពពីយោធាទេ ដោយសារ ២៥% នៃកៅអីសភា ត្រូវរក្សាទុកឱ្យពួកយោធា ត្រឹមតែគ្រប់គ្រាន់ដើម្បីរារាំងការអនុម័តច្បាប់នោះ។

វាដូចជាច្បាស់ហើយថា ការបោះឆ្នោតបាន ប្រព្រឹត្តទៅដើម្បីចរចាការដកទណ្ឌកម្មសេដ្ឋកិច្ច គ្មានបំណងប្រគល់ការ កាន់កាប់ប្រទេសទៅឱ្យការគ្រប់គ្រងបែបស៊ីវិលទេ។ តួនាទីរបស់ សានស៊ូជី គឺប្រហាក់ប្រហែលនឹងឯកអគ្គរដ្ឋទូតពាណិជ្ជកម្ម ជាងមេដឹកនាំតាមព្រឹត្តន័យ (de facto leader) របស់គាត់។ វាហាក់ដូចជា មិនត្រូវបានគេ និយាយទេថា នៅថ្ងៃទី៨ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានដកទណ្ឌកម្មលើមីយ៉ាន់ម៉ារ តាមរយៈការបញ្ជាប្រតិបត្តិហើយប៉ុន្មាន ក្រោយមក នៅថ្ងៃទី៩ តុលា ការបង្រ្កាបរបស់យោធានៅក្នុងទីប្រជុំជនម៉ុងត (Maungdaw) បានចាប់ផ្តើម ដោយគ្មានរបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិ ដោយសារជាប់រវល់តែលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

ការប្រឈមសំរាប់អ្នកការទូតអន្តរជាតិ រដ្ឋាភិបាល បរទេស និងគណៈកម្មការប្រឹក្សារ៉ាខាញរបស់ លោក ខូហ្វី អាណាន់ (Kofi Annan’s Rakhine Advisory Commission) គឺក្នុងការស្វែងរកវិធីដើម្បីធ្វើទំនាក់ទំនងជាមួយ មេដឹកនាំយោធារបស់មីយ៉ាន់ម៉ារ ដោយគ្មានធ្វើឱ្យ អ៊ុង សានស៊ូជី ចុះខ្សោយនៅក្នុងស្រុក ប្រសិនបើមានការបញ្ចប់ការប្រល័យពូជសាសន៍ ប្រជាជនរ៉ូហីងយ៉ា។

តើយើងបន្តធ្វើពុតថា មីយ៉ាន់ម៉ារជាប្រទេសប្រជាធិបតេយ្យ បង្កើនទំនាក់ទំនងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យភ្ញៀវទេសចរ ទៅលេងមីយ៉ាន់ម៉ារកាន់តែច្រើន និងទុកឱកាសឱ្យរដ្ឋាភិបាល NLD របស់ សានស៊ូជី ដែលទទូចថា ពួកគេត្រូវការដោះស្រាយ បញ្ហាជាច្រើនរបស់ប្រទេសដែរឬទេ? ឬ យើងទទួលស្គាល់ថា មីយ៉ាន់ម៉ារ នៅតែស្ថិតនៅក្រោមឥទ្ធិពលរបបយោធា របប មួយដែលកំពុងតែចាប់រំលោភ សំលាប់ និងដុតផ្ទះប្រជាជនភាគតិច Rohingya ហើយធ្វើទំនាក់ទំនងរបស់យើង ដូចយើងធ្វើជាមួយប្រទេសផ្សេងទៀត ដែលមានបទឧក្រិដ្ឋស្រដៀងគ្នាប្រឆាំងនឹងមនុស្សជាតិ?

ដោយសារប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក មិនបង្ហាញថា សិទ្ធិមនុស្សអន្តរជាតិសំខាន់នៅក្នុងរបៀបវារៈរបស់គាត់ វាហាក់ដូចជា គាត់ប្រហែលមិនផ្លាស់ប្តូរការ សំរេចរបស់លោកអូបាម៉ា ក្នុងការដកទណ្ឌកម្មលើមីយ៉ាន់ម៉ារទេ៕