(សៀមរាប)៖ ជំនួបពិភាក្សា ជាមួយប្រតិភូខេត្ត ហឺណាន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួនជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយលោក ហ្សាង គង់ស៊ី (Zhang Guangzhi) អភិបាលរង ខេត្តហឺណាន នៅសណ្ឋាគារបុរីអង្គរ។

ក្នុងកិច្ចពិភាក្សានោះដែរ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការ រវាងខេត្តសៀមរាបរបស់កម្ពុជា និង ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិនដែលកាន់តែធ្វើឲ្យ ប្រជាជននៃខេត្តទាំងពីរបានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើអោយចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំធ្វេឡើង។

ក្នុងនោះដែរលោកបណ្ឌិតអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ ខេត្តហឺណាន និងខេត្តសៀមរាប បានធ្វើលិខិតផ្តួចផ្តើមរួមគ្នា និងបានការ អនុញ្ញាត ពីរដ្ឋាភិបាលទាំងពីរ និងចុះអនុស្សារណៈជាមួយគ្នានៅពេលខាងមុខ។ ជាមួយគ្នានោះផងដែរលោកបណ្ឌិត ពីកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តសៀមរាប លើវិស័យគ្រប់វិស័យ។

ទន្ទឹមនឹងនេះផងដែរ លោកបណ្ឌិតអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកបណ្ឌិតក៏បានលើកពី សក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងលើកនូវតម្រូវការចាំបាច់ របស់ខេត្ត លើវិស័យទេសចរណ៍ និងបច្ចេកទេសកសិកម្ម រួមទាំងទីផ្សារក្រពើ។

ម៉្យាងទៀតដោយក្រុងសៀមរាប ជាក្រុងបុរាណផងនោះ ដូច្នេះតម្រូវការចាំបាច់បំផុតក្នុងពង្រីកនូវក្រុងរណបក្នុងគោលដៅ បម្រើវិស័យទេសចរណ៍ ដើមី្បបម្រើតម្រូវការរបស់ភ្ញៀវ ឲ្យបានស្នាក់នៅបានយូរថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ។ ក្នុងនោះដែរក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដល់ប្រតិភូសំខាន់ពីការផ្គត់ផ្គង់បន្លែ ត្រីសាច់នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន ដោយបច្ចុប្បន្នបាននាំចូលពីក្រៅប្រទេស ដើមី្បធ្វើការផ្គត់ផ្គង់ ទៅតាមតម្រូវការចាំបាច់ ។ លោកបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា លោកអភិបាលរងខេត្ត នៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យមានការរីក ចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបច្រើន ឡើងថែមទៀតដើម្បីលើ កំពស់សេដ្ឋកិច្ចខេត្តផងដែរ។ លើកពីនោះថែមទៀត ឯកឧត្តម បណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិន តែមួយ និងផ្លូវមួយ ខ្សែក្រវ៉ាតមួយ។

មានប្រសាសន៍នោះដែរ លោក ហ្សាង គង់ស៊ី (Zhang Guangzhi) អភិបាលរង ខេត្តហឺណាន ក៏បានលើកឡើងពីកិច្ច ទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន មានតាំងពីសតវត្សទី១២ម្ល៉េះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និងសម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់ មិត្តភាពប្រទេសទាំងពីរកាន់តែ មានភាពរឹងមាំទ្វេរឡើង។ លោកបានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើអោយទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ ល្បីល្បាញដែលជា សម្បត្តិបេតិកភ័ណ្ឌលើពិភពលោក  និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។

លោកអភិបាលរងខេត្តហឺណាន ក៏បានបញ្ជាក់ពី សក្ដានុពលរបស់ហឺណាន និងខេត្តសៀមរាប ដែលមានសក្ដានុពល ប្រហាក់ប្រហែលគ្នាលើវិស័យកសិកម្ម និងទេសចរណ៍។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងថា ដំណើរទស្សនកិច្ច របស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលធ្វើអោយខេត្តយើង ទាំងពីរចាប់ដៃគូនឹងគ្នាក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យទេសចរណ៍ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត៕