(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមការងារជំនាញមកពីប្រទេសហុងគ្រី និងក្រុមការងារកម្ពុជា បាននឹងកំពុងសិក្សាពីសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការពង្រីកហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ ជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ខេត្តបាត់ដំបង ឲ្យមានភាពប្រសើរឡើង។

ដំណឹងដ៏ពិសេសសម្រាប់កម្ពុជានេះ ត្រូវបានស្ដែងចេញឡើង ក្នុងកិច្ចជំនួបពិភាក្សាការងាររវាង លោករដ្ឋលេខាធិការ ទិត ចន្ថា ជាមួយលោក Balint Tombor ទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃក្រសួងការបរទេស និងពាណិជ្ជកម្ម នៃសាធារណរដ្ឋហុងគ្រី នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រោយពីបញ្ចប់ជំនួបខាងលើ លោក ទិត ចន្ថា បានឲ្យដឹងថា «ក្នុងជំនួបពិភាក្សានារសៀលនេះ គឺក្នុងគោលបំណងពិភាក្សា គ្នាបន្ថែម លើការងារសិក្សាស្រាវជ្រាវអំពីលទ្ធភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ក្នុងខេត្ត បាត់ដំបង ដែលភាគីកម្ពុជា និងភាគីហុងគ្រី បានមើលឃើញពីសក្ដានុពលទេសចរណ៍ក្នុងខេត្តនេះ គឺល្អវិសេសវិសាល មែនទែន ហើយក្រុមការងារប្រទេសទាំងពីរ បាននឹងកំពុងសិក្សាគម្រោងនេះ»។

លោករដ្ឋលេខាធិការបានបន្តថា ក្រៅពីគម្រោងចង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ភាគីហុងគ្រីក៏មានបំណងចង់ សាងសង់ កំពង់ផែទេសចរណ៍មួយ នៅបឹងទន្លេសាបក្នុងខេត្តបាត់ដំបង ដើម្បីអាចដឹកជញ្ជូនភ្ញៀវទេសចរពីខេត្តជុំវិញ បឹងទន្លេសាប និងទន្លេសាបចូលទៅខេត្តបាត់ដំបង ពិសេសភ្ជាប់ទៅខេត្តសៀមរាប។

គម្រោងអភិវឌ្ឍដ៏ធំខាងលើនេះ ត្រូវបានភាគីទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ថា ខេត្តបាត់ដំបង ជាខេត្តមានសក្ដានុពល ទេសចរណ៍ដ៏ខ្លាំងក្លា ជាខេត្តជាប់នឹងខេត្តសៀមរាបដែលពោរពេញទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើន ជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃ និងខេត្តមានសម្បត្តិបេតិកភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកត្តាទាំងនេះហើយ ទើបធ្វើឲ្យក្រុមការងារជំនាញទាំងពីរ កាន់តែខិតខំសិក្សាស្វែងយល់យ៉ាងយកចិត្តទុកដាក់  ខ្លាំងក្លាថែមទៀត។

លោករដ្ឋលេខាធិការ ក៏បានស្នើដល់លោក Balint Tombor ជួយជំរុញទេសចរ និងអ្នកវិនិយោគហុងគ្រី ឲ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា ឲ្យច្រើនថែមទៀតផងដែរ៕