(ភ្នំពេញ)៖ ក្រុមសេដ្ឋវិទូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារពិភពលោក នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជួបពិភាក្សាផ្លាស់ប្តូរទស្សនៈ អំពីទស្សនវិស័យនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក (WB) និងផលប៉ះពាល់មកលើកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត SudhirShetty ប្រធានសេដ្ឋវិទូរបស់ធនាគារ ពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដោយមានការចូលរួមពីក្រុមសេដ្ឋវិទូវ័យក្មេង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋវិទូវ័យក្មេងមកពីធនាគារជាតិនៃកម្ពុជាផងដែរ។

លោក វង្សី វិស្សុត បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត  SudhirShetty និងបានលើកឡើង អំពីបរិការណ៍រួមនៃ ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា។ បន្ទាប់មក លោកប្រធានសេដ្ឋវិទូធនាគារពិភពលោក បានធ្វើការ ឧទ្ទេសនាមពាក់ព័ន្ធនឹងប្រធានបទៈ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិការណ៍នៃការអភិវឌ្ឍ (Adapting to an Evolving Context for Development: Some Implications) ដោយបានធ្វើការលើកឡើងនូវការវិវត្ត គួរឱ្យកត់ សម្គាល់មួយចំនួន ដែលរួមមាន៖ (១).ប្រទេសជាច្រើននៅក្នុងពិភពលោកទទួលបាន នូវកំណើនសេដ្ឋកិច្ច និង វិបុលភាពយ៉ាងលឿន និងឆាប់រហ័ស ជាពិសេសការងើបឡើងយ៉ាងឆាប់រហ័យ នៃសេដ្ឋកិច្ចរបស់ចិន (២). ភាពក្រីក្រក្នុងកម្រិតធ្ងន់ធ្ងរ បានធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែភាពក្រីក្រដែលបណ្តាល មកពីភាពគ្មានប្រាក់ចំណូល, វិសមភាពនិងភាពងាយ ផុយស្រួល នៅតែជាកត្តាដែលគួរឱ្យព្រួយបារម្ភនៅឡើយ (៣).ចំនួនប្រជាជនមាន កម្រិតជីវភាព មធ្យមមានការកើនឡើងគួរឱ្យកត់ សម្គាល់ ជាពិសេសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា (៤).ការធ្វើសមាហរណកម្មកាន់ តែមានភាពទូលំទូលាយជាងមុន ទាំងក្នុងតំបន់ និងពិភពលោក និង (៥). ការពឹងផ្អែកលើហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការមាននិន្នាការថមយ ដោយងាកទៅរកការពឹងផ្អែកទៅលើហិរញ្ញប្ប ទានពីវិស័យឯកជន។

ថ្លែងក្នុងកិច្ចពិភាក្សានោះដែរ លោក វង្សី វិស្សុត បានលើកឡើងពីអាទិភាពនៃការអភិវឌ្ឍ សម្រាប់កម្ពុជា ដែលត្រូវខិតខំជំរុញនិងសម្រេច ឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពគិតគូរ ដល់ការ បែងចែកផលលាភនៃកំណើននេះ តាមយន្តការគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ក្នុងគោលដៅដើម្បីធានាឱ្យបាននូវសមភាពក្នុងសង្គម។

ទន្ទឹមនឹងនេះ លោក វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរគោលនយោបាយ បើកទូលាយវិស័យ ពាណិជ្ជកម្ម, ការកែទម្រង់វិស័យពន្ធដារ,វិន័យសារពើពន្ធ (Fiscal Discipline) សេរីភាពវូបនីយកម្មអត្រាការប្រាក់និងវិនិយោគដោយផ្ទាល់ ពីបរទេស, អាត្រាការប្រាក់ដែលមានភាពប្រកួតប្រែង, ការវិភាជថវិកាជាតិប្រកបដោយប្រសិទ្ធភាព,អនិយតកម្ម (Deregulation) និងការ ការពារកម្មសិទ្ធិឯកជន ស្របច្បាប់។

បន្ទាប់មក អង្គប្រជុំក៏បានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិលើប្រធានបទជាច្រើន ដូចជាការវិវត្តនៃសកលភាវូបនីយកម្មនៅក្នុងរយៈពេល ១០ឆ្នាំទៅមុខ ក៏ដូចបច្ច័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់និងពិភពលោក។

អង្គប្រជុំក៏បានធ្វើការពិភាក្សាដេញដោលផងដែរ អំពីទំនាក់ទំនងអន្តរសកម្មរវាងកំណើននិងសមធម៌សង្គម ហើយដោយទទួលស្គាល់ថា បើគ្មានកំណើននោះទ គឺក៏នឹងមិនមានអ្វីសម្រាប់ធ្វើការបែងចែកឡើងវិញនោះដែរ ក៏ប៉ុន្តែកំណើននេះចាំបាច់ត្រូវមានបរិយាប័ន្ន។ ត្រង់ចំណុននេះ ក្រុមសេដ្ឋវិទូកម្ពុជាបានស្នើសុំដល់ធនាគារពិភពលោកធ្វើការគិតគូរឡើងវិញនូវយុទ្ធសាស្រ្តផ្តល់ជំនួយរបស់ខ្លួន ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរបស់ប្រទសទទួលជំនួយ ដើម្បីជំរុញកំណើនផង និងកាត់បន្ថយវិសមភាពសង្គមផង។

 អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីរបាយការណ៍ធ្វើធុរកិច្ចឆ្នាំ២០១៧ (Doing Business 2017) របស់ធនាគារពិភពលោក ដោយសង្កត់ធ្ងន់លើវិធីសាស្រ្ត នៃការវាយតម្លៃរបស់របាយការណ៍នេះ ក៏ដូចជា ឥទ្ធពលនៃរបាយការណ៍ទៅលើការសម្រេចចិត្ត វិនិយោគរបស់វិនិគិន។ ក្រៅពីនេះ ក៏មានធ្វើការពិភាក្សាអំពី បដិដុល្លាររូបនីយកម្មនៅកម្ពុជា និងបញ្ហាមីក្រូហិរញ្ញវត្ថុផងដែរ។
ជាចុងបញ្ចប់លោក វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ធនាគារពិភពលោក ដែលតែងតែជួយគាំទ្រដល់ ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងសង្ឃឹមថាធនាគារពិភពលោក នឹងបន្តនៅជាដៃគូដ៏សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជួយ គាំទ្រកម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួន ៕