(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ ចំពោះកិច្ចសហប្រតិបត្តការ ជាមួយនឹងធនាគារពិភពលោក ដែលនឹងកាន់តែរឹងមាំជាងមុន ដោយឈរលើ គោលការណ៍ ភាពជាដៃគូពិតប្រាកដ ដើម្បីបម្រើឲ្យគោលដៅជំរុញ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ធ្វើឡើងក្នុងឱកាសដែលលោក អនុញ្ញាតឲ្យលោក ស៊ូឌៀរ សិទី ប្រធានសេដ្ឋកិច្ចវិទូ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើតប៉ាស៊ីហ្វិក ជួបពិភាក្សាការងារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃនេះ។

ក្នុងជំនួបដ៏មានតម្លៃនោះ លោក ស៊ូឌៀរ សិទី មានកោតសរសើចំពោះការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសឲ្យ សម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងល្បឿនលឿនខុសពីការរំពឹងទុក។

ជាមួយគ្នានេះលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ដែលមានឆន្ទៈខ្ពស់និងពិតប្រាកដក្នុងការចូលរួម ចំណែក ដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា៕