(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានបង្ហាញពីគោលបំណងរបស់ខ្លួន ដែលប្រាថ្នាចង់ឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ ឈានដល់ការឯកភាពគ្នាលើ «សារដ៏ច្បាស់លាស់» ក្នុងការអនុម័តលើដំណោះស្រាយដាក់ ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃពុធ ស្អែកនេះ (ម៉ោងនៅក្នុងទីក្រុងញូវយ៉ក) ខណៈប្រភពការទូតមួយចំនួន អះអាងថា ទីក្រុងប៉េកាំងនឹងមិនប្រើសិទ្ធិវ៉េតូឡើយ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Reuters​ នៅយប់ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦   

យោងតាមប្រភពការទូតជាច្រើន សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខទំាង៥ រួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស សុទ្ធតែយល់ព្រមថានឹងបោះឆ្នោតគាំទ្រអនុម័ត លើដំណោះស្រាយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងការនាំចេញ របស់កូរ៉េខាងជើង ជាពិសេសគឺធ្យូងថ្ម  ដែលនេះអាចនឹងកាត់បន្ថយប្រាក់ចំណូល នៃរបបក្រុងព្យុងយ៉ាង ​ប្រមាណជា ៨០០លានដុល្លារ។ ដោយឡែកជុំវិញការលើកឡើងនេះដែរ អ្នកនាំពាក្យ ក្រសួងការបទេសចិន លោក Geng Shuang បានថ្លែងថា «ទីក្រុងប៉េកាំង គាំទ្រការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង ក៏ប៉ុន្តែ រាល់ការអនុម័តណាមួយ គួរតែត្រូវ បានធ្វើឡើង ដោយមិនធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍ មនុស្សធម៌ ជនស៊ីវិល និងការអភិវឌ្ឍ ហើយយើងក៏សង្ឃឹមដែរថា សមាជិកក្រុមប្រឹក្សាសន្តិសុខ អាចនឹងឈានដល់ការឯកភាពគ្នាលើ «សារដ៏ច្បាស់លាស់» ក្នុងការអនុម័តលើដំណោះស្រាយដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា ចិន គឺជាទីផ្សារធំបំផុតសម្រាប់កូរ៉េខាងជើង ក្នុងការនាំចេញធ្យូងថ្ម។ ម្យ៉ាងវិញទៀត នេះមិនមែន ជាលើកទីមួយឡើយ ដែលចិនបន្ទន់ឥរិយាបថបែបនេះ ព្រោះថា ចិនក៏ចង់ផ្ដល់មេរៀនខ្លះ ដល់កូរ៉េខាងជើង ផងដែរ ចំពោះការមិនស្ដាប់កាណែនំារបស់ខ្លួន ចេះតែធ្វើសកម្មភាពបង្កររឿង រហូតដល់សហរដ្ឋអាមេរិកមាន លេសដាក់ពង្រាយ ប្រព័ន្ធមីស៊ីលនៅលើទឹកដីកូរ៉េខាងត្បូង។  ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី ដើម្បីទប់ទល់នឹងការ ពង្រីកឥទ្ធិពលអាមេរិកនៅក្នុងតំបន់ ចិននៅតែត្រូវការរបបដឹកនាំ គីម ជុងអ៊ុន៕