(​ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល នៅថ្ងៃអង្គារនេះ បានប្រកាសកាន់ទុក្ខ រយៈពេលបីថ្ងៃ នៅទូទំាងប្រទេសដល់សមាជិក ក្រុមបាល់ទាត់នៃក្លឹប Chapecoense រួមទាំងអ្នកដំណើរ ទំាងអស់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ យន្ដហោះ នៅឯប្រទេសកូឡុំប៊ី កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅកូឡុំប៊ី) ត្រូវនឹងវេលា ពេលព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

យន្តហោះដឹកក្រុមកីឡាករ Chapecoense តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពី ប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ី បានជួបឧបទ្ទវហេតុធ្លាក់នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារ បញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អ។ នៅលើយន្តហោះនោះមានមនុស្សទាំង អស់៨១នាក់ (៧២នាក់ជាអ្នកដំណើរ និង៩នាក់ជាសហសេវិក)។

អាជ្ញាធរបានប្រកាសឲ្យដឹងថា ដំបូងឡើងយន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីលទៅកាន់ប្រទេសកូឡុំប៊ី ដែលកំពុង ហោះហើរក៏បានបាត់ចេញពីប្រព័ន្ធរាដា នៅក្នុងដែនអាកាស របស់ប្រទេសកូឡុំប៊ីក្រោយពីតាមដានដឹងច្បាស់អាជ្ញាធរ បានបញ្ជាក់ថាយន្ដហោះនេះ បានធ្លាក់នៅក្បែរទីក្រុង Medellin របស់កូឡុំប៊ី ដោយបាន សម្លាប់មនុស្សដល់ទៅ៧៦នាក់ ក្នុងចំណោមមនុស្សដែលស្ថិតនៅលើយន្តហោះសរុប ចំនួន៨១នាក់ ខណៈ០៥នាក់ រងរបួសធ្ងន់កំពុងស្ថិតនៅឯមន្ទីរពេទ្យ ក្នុងតំបន់ដើម្បីសង្គ្រោះបន្ទាន់ ហើយក្នុងចំណោមមនុស្ស៥នាក់ ដែលរងរបួសនេះទៀតសោត មាន៣នាក់ជាកីឡាករ។

គួរបញ្ជាក់ថា យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេស កូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុង កម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធ​ឡើងនៅថ្ងៃពុធសប្តាហ៍នេះ។ ប៉ុន្តែ ការប្រកួតបាល់ទាត់ដណើមពានរង្វាន់ South America 2016 ត្រូវបានប្រកាសពន្យារ ពេលភ្លាមៗដោយសារតែ ក្រុមត្រូវប្រកួត គឺក្លឹប Chapecoense ជួបគ្រោះអកុសលធ្លាក់យន្តនៅក្នុងប្រទេសកូឡុំប៊ី លើទឹកដីត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដែល គ្រោងនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុមមកពី ប្រេស៊ីល Chapecoense ត្រូវធ្វើ ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានប្រចាំ តំបន់អាមេរិកឡាទីន Copa Sudamericana 2016 ទល់នឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី៕