(ភ្នំពេញ)៖ សំណុំរឿងអំពើហិង្សាក្នុងគ្រួសារខ្មែរឥស្លាមមួយ ដែលប្ដីបានចាក់សម្លាប់ប្រពន្ធស្លាប់ចោលកូនតូចៗ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសជនដៃដល់ជាប្ដីដាក់ពន្ធនាគារមួយជីវិត ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យជនដៃដល់សងសំណងរដ្ឋប្បវេណី ៥០លានរៀលផងដែរ។

សូមបញ្ជាក់ថា កាលពីម៉ោង១២៖៣០នាទីអាធ្រាត្រ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានអំពើហិង្សាគួរឲ្យរន្ធត់មួយ ដោយស្ត្រីរងគ្រោះជាខ្មែរឥស្លាមម្នាក់ ត្រូវបានជនសង្ស័យជាប្ដីចាក់សម្លាប់ចំនួន១៨កាំបិត ស្ថិតនៅនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមសម្តីរបស់កូនប្រុសរបស់ជនរងគ្រោះ សេត រ៉ូហ៊ាត អាយុ៨ឆ្នាំ បានឲ្យដឹងថា «មុនថ្ងៃកើតហេតុ ម៉ោង២០៖០០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៦ ខ្ញុំបានចូលដេកក្នុងផ្ទះជាមួយម្តាយរបស់ខ្ញុំ និងប្អូនស្រី ចំណែកប៉ាគាត់ទៅដេកយាមគោ នៅក្រោលគោមាត់ទន្លេ។ពេលដេកលក់មិនដឹងម៉ោងប៉ុន្មាន ស្រាប់តែឮសូរសំលេងម្តាយខ្ញុំស្រែកជួយផងៗ ខ្ញុំភ្ញាក់ពីដេកឡើងស្រាប់តែឃើញ ប៉ារបស់ខ្ញុំកំពុងតែយកកាំបិតចាក់ មកលើម្តាយរបស់ខ្ញុំចាក់យកៗ ជាច្រើនកាំបិត ពេលនោះម្តាយខ្ញុំក៏រត់ចេញទៅក្រៅផ្ទះ ហើយដួលមុខផ្ទះចេញឈាមជាច្រើន ចំណែកប៉ាខ្ញុំ ក៏រត់ចេញទៅបាត់»

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ថា ទូលាស់ ម៉ៃយ៉ាន អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ មានកូន២នាក់ ស្រីម្នាក់ មានស្លាកស្នាមកាប់ ចាក់លើក្បាល ខ្លួន ចំនួន១៨កន្លែង និងជនដៃដល់មានឈ្មោះ បេ វ៉ាន់សាក់ អាយុ៣៤ឆ្នាំ មុខរបរកាប់គោ៕