(ស្ទឹងត្រែង)៖ កម្លាំងការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានចុះដោយផ្ទាល់ដល់ហាងលក់ផលិតផលបារី នានានៅក្នុងទឹកដីខេត្តស្ទឹងត្រែង កាលពីពេលថ្មីនេះដើម្បី ធ្វើការណែនាំ និងព្រមានពីការ ការផាកពិន័យចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ដែលនៅតែបន្តលក់ផលិតផលបារីខុសច្បាប់ ដែលពុំមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ​ និងជារូបភាព។

យុទ្ធនាការចុះធ្វើការណែនាំ និងព្រមានពីការ ការផាកពិន័យចំពោះអាជីវករលក់ដុំ និងលក់រាយនូវផលិតផលបារីខុសច្បាប់ដែលពុំមាន បោះពុម្ពសារព្រមាន សុខភាពជាភាសាខ្មែរ​ និងជារូបភាពនោះលោក ហ៊ឹង មច្ចរម្យ នាយរងការិយាល័យនគបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា អាជីវករទាំងអស់មិនត្រូវរក្សាទុក ឬទិញចូល នូវផលិតផលបារីខុសច្បាប់ដែលពុំមានបោះពុម្ពសារព្រមាន សុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់បារីនោះទេ ហើយអាជីវករត្រូវបង្វិលបារីដែលខុសច្បាប់ទាំងនោះទៅឲ្យក្រុមហ៊ុនដើមវិញ ដើម្បីជៀសផុតពីការផាកពិន័យជាយថាហេតុណាមួយ ព្រោះថា អនុក្រឹត្យបានចូលជាធរមានរួចរាល់ហើយ។

លោកបានបន្តទៀតថា ម៉្យាងវិញទៀត ក្រុមហ៊ុនទាំងឡាយដែលបានលក់បារីពុំមានសារព្រមានសុខភាពជារូបភាពទៅអាជីវករនោះ គួរត្រូវមានការទទួលខុសត្រូវខ្ពស់ហើយធ្វើការប្តូរផលិតផលថ្មី ដែលស្របច្បាប់ទៅឲ្យអាជីវកររបស់ខ្លួនវិញ ដើម្បីបង្ហាញពីការទទួល ខុសត្រូវ ចំពោះអាជីវកររបស់ខ្លួន។

លោកបានកត់សំគាល់ថា​ ចំនួនផលិតផលបារីកំពុងលក់ទីផ្សារដែលមានសារព្រមានសុខភាពជារូបភាពត្រឹមត្រូវតាមច្បាប់ គឺនៅមានកម្រិតទាបបំផុត​នៅឡើយ​ចំពោះបារី MEVIUS, ARA, LUXURY,​ ALAIN DELON,​ ចំណែកបារី FINE របស់ក្រុមហ៊ុនហួតត្រាកូ វិញ គេឃើញមានស្ទើតែ ១០០% ទៅហើយ។

គេសង្កេតឃើញថាក្រុមហ៊ុនថ្នាំជក់អន្តរជាតិ​ធំៗជាច្រើន នៅតែបំពានអនុក្រឹត្យរាជរដ្ឋាភិបាលដោយបន្តលក់ និងបណ្តែតបណ្តោយអោយ ផលិតផលខុសរបស់ខ្លួនលក់នៅលើទីផ្សារ ទោះបីក្រុមហ៊ុនទាំងនោះធ្លាប់ទទួលការព្រមានពីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ជាលាយលក្ខអក្សរក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះដែរតើក្រសួងសុខាភិបាល នឹងចាត់វិធានការឲ្យមានប្រសិទ្ធិភាព និងឆាប់រហាស់យ៉ាងណា ដើម្បីបញ្ចប់ការរំលោភច្បាប់ ក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ពីសំណាក់របស់ក្រុមហ៊ុនបារី ដែលនៅតែចរាចរផលិតផលខុសច្បាប់របស់ខ្លួនដែលពុំមាន បោះពុម្ពសារព្រមាន សុខភាពភាសាខ្មែរ និងជារូបភាព នៅលើកញ្ចប់បារី ហើយបន្តមាននៅលើទីផ្សារហូតមកទល់ពេលនេះ៕