(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងរវាងរថយន្តធំ បុកជាមួយរថយន្តដឹកអ្នកដំណើរ(តាក់ស៊ី) បណ្តាលឲ្យមនុស្សពី ៤ទៅ៥នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅចំណុចឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោក ឌឿន សម្បត្តិ អធិការរងទទួលផែនចរាចរណ៍ ស្រុកមោងឫស្សី បានបញ្ជាក់ថា ជនរងគ្រោះដែលជិះក្នុងរថយន្ត Lexus មានគ្នា៥នាក់ មានស្រី៤នាក់ ស្លាប់ទាំងអស់។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តតាក់ស៊ី ម៉ាក Lexus RX300 បើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ពេលមកដល់កន្លែងកើតហេតុ អ្នកបើកបរដូចជាមានអាការៈងងុយដេក ក៏រេចង្កូតរថយន្តទៅបុកនឹង រថយន្តដឹកទំនិញធុនធំ ដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។  

សេចក្តីរាយការណ៍ជំហ៊ានដំបូង ពីអ្ន​កដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា គ្រោះថ្នាក់នេះអ្នកស្លាប់មានប្រហែល ពី៤ទៅ៥នាក់ ដែលក្នុងរថយន្តតាក់ស៉ីស្លាប់ទាំងអស់ រួមមានស្ត្រីនិងក្មេងស្រីផងដែរ ខណៈអ្នកបើកបររត់គេចខ្លួន។ ចំណែកក្នុងរថយន្តដឹកទំនិញធុនធំអ្នកបើកបរក៏បាន រត់គេចផងដែរ៕