(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមានអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង អាវុធហត្ថខេត្ត សហការជាមួយជំនាញរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានបង្រ្កាបរថយន្ត Fuso ចំណុះ៥តោនមួយគ្រឿង ដឹកឈើគ្រញូង ទម្ងន់ ២,៨៨២គីឡូក្រាម ស្មើនឹង២,៤០១ម៉ែត្រគូប ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង​ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ងី វិរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូងទម្ងន់ ២,៨៨២គីឡូក្រាមនេះ ធ្វើឡើងដោយមានកិច្ចសហការ ពីកម្លាំងចម្រុះទើប​​បង្រ្កាបបាន។ លោកនាយខណ្ឌបន្តថា ក្នុងប្រតិបត្តិការ​បង្ក្រាបនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុច​នឿន អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ១៨៣ ស្ថិតក្នុងភូមិខ្សាច់ពយ ឃុំវត្តគ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ​(អ្នកបើកបររថយន្ត)។

លោកនាយខណ្ឌ បញ្ជាក់ថា វត្ថុតាងរថយន្តFuso ចំណុះ៥តោន​មួយគ្រឿង ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខ​ ​BB-0247 ជាមួយឈើ គ្រញូង ទម្ងន់ និងជនសង្ស័យ ត្រូវបានយកទៅរក្សាទុក និងឃាត់ខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕