(ភ្នំពេញ)៖ ក្រោយមេតុងទីន នៅផ្សារឈូកមាស ខណ្ឌសែនសុខ បោកលុយកូនតុងទីន ជាង២០ម៉ឺនដុល្លារ រួចនាំគ្នារត់ទាំងគ្រួសារនោះ ស្រាប់តែនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក៏មានករណីបោកតុងទីនមួយទៀត បានកើតឡើងផងដែរ នៅខណ្ឌមានជ័យ រហូតកូនតុងទីន ជាង៥០នាក់ បានទៅឡោមព័ទ្ធផ្ទះមេតុងទីន ក្រោយដឹងថា មេតុងទីនរូបនេះ បានបោកលុយរបស់ពួកគាត់ ជាង៣លានដុល្លារ។

ក្រុមកូនតុងទីន មិនក្រោម៥០នាក់ (អ្នកដែលមកផ្ទាល់) បានទៅឡោមព័ទ្ធផ្ទះមេតុងទីន ស្ថិតនៅតាមផ្លូវ៣៧BT ផ្ទះ៤៤៦ ស្ថិតនៅភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ តាំងពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញមកម្ល៉េះ ដោយខ្លាចមេតុងទីន រត់គេចខ្លួន។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃនេះ វេលាម៉ោង ជាង១០ទើប មេតុងទីនមានឈ្មោះ ឱក គឹមស៊ន ភេទស្រី អាយុ៤៨ឆ្នាំមុខរបរគ្រូបង្រៀន សាលាបឋមសិក្សាជ័យជំនះ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានបើកទ្វារផ្ទះ ក្រោយមានការជួយអន្តរាគមន៍ពីកម្លាំង នគរបាលខណ្ឌ ហើយបាននាំខ្លួន មេតុងតីនរូបនេះ និងហៅកូនតុងទីន មកដោះស្រាយគ្នា នៅប៉ុស្តិនគរបាលសង្កាត់បឹងទំពន់។

កូនតុងទីន បានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគេជាច្រើននាក់ បានលេងតុងទីនជាមួយមេម្នាក់នេះ ដោយខ្លះលេងរហូតដល់ ១០ក្បាល ហើយក្នុងមួយក្បាល ពី២០ទៅ៥០ដុល្លារ ។ ប៉ុន្តែរាល់ពេលពួកគេចង់ដេញ ស្រាប់តែមេតុងទីនរូបនេះ ឆ្លើយថា គេដេះបាត់ហើយ គឺឆ្លើយបែបនេះរហូត ទើបនាំឲ្យពួកគេសង្ស័យ ហើយឈានមកឡោមព័ទ្ធផ្ទះតែម្តង។

យ៉ាងណាក៏ដោយ ស្រ្តីជាមេតុងទីន និងមានប្តីជាគ្រូបង្រៀន នៅសកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចផងនោះបានឆ្លើយ បកស្រាយថា តាមពិតកូនតុងទីនខ្លះ បានដេញរួចតែមិនព្រមបង់លុយ ទើបធ្វើឲ្យមានរឿងជំពាក់នេះកើតឡើង ហើយគាត់គ្មានលុយ សងនោះទេ។

នៅពេលនេះ អធិការរងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បាននិងកំពុងជួយអន្តរាគមន៍ ដោះស្រាយនៅប៉ុស្តិរដ្ឋបាល សង្កាត់បឹងទំពន់ តែមិនទាន់ដឹងលទ្ធផលនោះទេ៕