(បន្ទាយមានជ័យ)៖ ក្រោយពីមានការរិះគន់តាមបណ្តាញសង្គម Facebook និងក្រោយពីអង្គភាព Fresh News ចុះផ្សាយករណីរថយន្តរបស់ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរសេរអក្សរបំពាក់លើជញ្ជាំងរថយន្តថា "ប្រជាការពារសង្កាត់ប៉ោយប៉ែត" និងពាក់ស្លាកលេខដាក់ថា "រដ្ឋបាលក្រុងប៉ោយប៉ែត សក ប៉ប៉០០.០១" ខុសច្បាប់ និងខុសការណែនាំពីក្រសួងមហាផ្ទៃនោះ ស្រាប់តែនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលចរាចរ និងសណ្តាប់ធ្នាប់ខេត្តបន្ទាយមានជ័យ បានចុះទៅរឹបអូសយក​រថយន្ត​ខាងលើ មកដកស្លាកលេខ និងបកអក្សរទាំងនេះចេញហើយ។

លោក អ៊ុ សុផល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម និងមានការសម្របសម្រួល​ពីព្រះរាជអាជ្ញាផងនោះ បានចាត់ឲ្យលោក ដឹកនាំកម្លាំងចុះទៅដកហូតរថយន្តខាងលើយកមករក្សាទុកនៅស្នងការដ្ឋាន ដើម្បីដកស្លាកលេខចេញ និងបកអក្សរចេញពីជញ្ជាំងរថយន្ត។

លោកស្នងការរង បានបន្តថា ក្រោយការសួរនាំ និងពិនិត្យជាក់ស្តែងទៅ ឃើញថា រថយន្តរបស់លោកចៅសង្កាត់ អាំង គីហេង មួយនេះមានចង្កូតស្តាំ ហើយមិនបានបង់ពន្ធទេ ដោយឡែកពណ៌ដើមរបស់វា គឺពណ៌ស តែគាត់យកមកបាញ់ថ្នាំ។

យ៉ាងណាក៏ដោយ សម្រាប់លោកចៅសង្កាត់ គឺខាងជំនាញគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ ដោយឲ្យគាត់ទៅបង់ពន្ធ និងធ្វើស្លាកលេខត្រឹមត្រូវតាមច្បាប់វិញ។

សូមបញ្ជាក់ថារូបថតរថយន្តភិកអាប់ចំនួន៣សន្លឹកត្រូវបាន គេថតបង្ហោះ ពេញហ្វេសប៊ុក។ ក្នុងនោះម្ចាស់ អាក់ខោនហ្វេសប៊ុក ដែលជាអ្នកបង្ហោះ បានសរសេរមានន័យថា «កាដុមឆែប!!! ក្រសួងសាធារណការ និងដឹកជញ្ជួន ចេញស្លាកលេខថ្មី សម្រាប់សំគាល់យានយន្ត?? ចាំរកសុំគេប្រើស្លាកលេខ "ចំការតារិន្ទ" ហើយដាក់សារ៉ែនចឹងដែរមើល វាអស់ប៉ុន្មានប្រាក់ចុះ!!!»។

រឿងដែលម្ចាស់ហ្វេសប៊ុកចង់និយាយនោះគឺរថយន្តខាងលើ គេឃើញមានសរសេរអក្សរនៅជញ្ជាំងចំហៀងដាក់ថា «ប្រជាការពារសង្កាត់ប៉ោយប៉ែត» និងពាក់ស្លាកលេខទាំង ខាងមុខនិងខាងក្រោយ មានផ្ទៃពណ៌ខៀវខ្ចី មានសរសេរអក្សរថា «រដ្ឋបាលក្រុងប៉ោយប៉ែត សក ប៉ប៉០០.០១»។

តាមពិតរថយន្តបំរើការងារអោយអង្គភាពណាមួយ គេមានសិទ្ធិសរសេរឈ្មោះអង្គភាពដើម្បីសំគាល់ហើយក៏ មានភាពងាយស្រួលអោយគេស្គាល់ និងចំណាំផងដែរ កុំថាឡើយអង្គភាពរដ្ឋ សូម្បីតែ ក្រុមហ៊ុនឯកជន ក៏គេមាន សិទ្ធិដូចគ្នា លើកលែងតែខ្លឹមសារណា​ដែលច្បាប់ហាមឃាត់។ ប៉ុន្តែចំពោះស្លាកលេខសំគាល់យានយន្តវិញ គេមិនអាចចេះតែពាក់ ឬសរសេរបិទ ស្រេចនឹងចិត្តបាននោះ
ទេ គឺទាល់តែមានការទទួលស្គាល់ និងចេញដោយ អង្គភាពជំនាញគឺមន្ទីរសាធារណការ ទើបជាស្លាកលេខស្របច្បាប់។ ប៉ុន្តែស្លាកលេខដែលបំពាក់នៅលើរថយន្តខាងលើនេះ មិនដឹងចេញដោយស្ថាប័ន​ណានោះទេ ទំនងសរសេរបំពាក់ខ្លួនឯងតែម្ដងមើលទៅ។

គេថាបើជាស្លាកលេខសរសេរបិទខ្លួនឯងដោយខុសច្បាប់ដូច្នេះមែន អាជ្ញាធរ សមត្ថកិច្ចខាងលើបាននាំគ្នាធ្វើ ដើម្បីលើកទឹកចិត្តអោយប្រជាពលរដ្ឋ ចូលរួមប្រព្រឹត្តល្មើសច្បាប់តាមពួកខ្លួនហើយ៕


ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ