(ភ្នំពេញ)៖ ពលករខ្មែរម្នាក់​ដែលត្រូវពលករមីយ៉ាន់ម៉ា ចាក់កាំបិតចំទ្រូងខាងឆ្វេងរបួសធ្ងន់នាថ្មីៗនេះ ហើយត្រូវបញ្ជូន ទៅមន្ទីរពេទ្យនោះ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ចាត់មន្រ្តីស្ថានទូតទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន៧.៥០០បាត។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

ពលករខ្មែរម្នាក់នោះមានឈ្មោះ ច.រមហ អាយុ២២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។ ពលកររូបនេះ បានចូលទៅប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការខុសច្បាប់ជាមួយក្រុមហ៊ុន ប្រមូលសំរាមមួយ នៅជាយក្រុងបាងកក។ នេះបើតាមសេចក្តីប្រកាសដដែល។

ក្រសួងការបរទេស បានបញ្ជាក់ថា ក្រោយកើតហេតុពលកររងគ្រោះត្រូវបានសង្រ្គោះបឋមនៅមន្ទីពេទ្យមួយ ក្នុងខេត្តនន្ទបុរី (Nonthaburi)ដោយត្រូវចំណាយ លើថ្លៃព្យាបាលចំនួន១២ម៉ឺនបាត។ តាមសំណើរបស់ស្ថានទូត មន្ទីរពេទ្យបានយល់ព្រម ឲ្យសាម៉ីខ្លួនបង់ត្រឹមចំនួន ៦ម៉ឺនបាតប៉ុណ្ណោះ និងឱ្យចុះកិច្ចសន្យាសងប្រាក់ដែលខ្វះ នៅពេលណាមានថវិកា (តំណាង មន្ទីរពេទ្យបញ្ជាក់ថា កិច្ចសន្យានេះ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះដោយមន្ទីរពេទ្យ មិនបង្ខំទារប្រាក់ នៅខ្វះនេះឡើយ)។  នៅថ្ងៃទី ៤ ខែវិច្ឆិកា ពលកររងគ្រោះត្រូវបានបញ្ជូនបន្តទៅវះកាត់ នៅមន្ទីរពេទ្យមួយទៀត ក្នុងទីក្រុងបាងកក។

ក្រៅពីជំរុញដំណើរការកាត់ទោសជនល្មើសទៅតាមផ្លូវច្បាប់ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ កំពុងទាមទារអោយ និយោជករបស់ ពលកររងគ្រោះ ជួយឧបត្ថម្ភដល់ការព្យាបាលរបួសរបស់ពលកររូបនេះផងដែរ៕