(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់កំពុងតែសេពគ្រឿងញៀន ស្រាប់តែត្រូវកម្លាំង​នគរបាលប៉ុស្ដិ៍​ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ​ឡោមព័ទ្ធ​ឃាត់ខ្លួនបានភ្លាមៗ ដោយដកហូតសម្ភារៈប្រើប្រាស់​មួយចំនួនផងដែរ​។ ការបង្ក្រាបនេះ បានធ្វើឡើងនៅ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចជួរមាត់ទន្លេ ក្បែរយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងក្រុម៣ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាល បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋាន ទទួលបានសេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋថា មានករណី​សមាសភាពប្រើប្រាស់គ្រឿងញៀន ទើបឈានដល់ការស្រាវជ្រាវ​រហូត​មកដល់​រសៀលនេះ ក៏ចុះលបឆ្មក់ឡោម​ព័ទ្ធបង្ក្រាប​តែម្ដង ខណៈក្រុមជនសង្ស័យទាំង​៣នាក់ កំពុង​តែធ្វើសកម្មភាពជក់គ្រឿងញៀន។

​នគរបាលបន្ដថា ជនសង្ស័យជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់នូវសារធាតុញៀន ដែលត្រូវឃាត់ខ្លួនទី១- ឈ្មោះ យ៉ា ការីន អាយុ២៨ឆ្នាំ ទី២- ឈ្មោះ ហ្វា ហ្ស៊ី អាយុ២៧ឆ្នាំ ទី៣- ឈ្មោះ ម៉ាត់ ការីម​ អាយុ​២៤ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាជនជាតិខ្មែរ-ឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្ដ៕