(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី «Samsung Love and Care» ជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិកសាមសុងដ៏អស្ចារ្យ​ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជាសាមសុង ក៏នៅបន្ដបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍កម្ពុជា​តាមរយៈកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិកសាមសុងមួយទៀត ដែលធ្វើទ្បើងនៅឯវិទ្យាល័យហ៊ុនសែន
បូរី១០០ខ្នង។

កម្មវិធីនេះមានរយៈពេល ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០៤ខែតុលានេះ ដោយមានបុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងចំនួន ២៦នាក់មកពីប្រទេសកូរ៉េ  ចុះមកសួរសុខទុក្ខ និងបង្រៀនដល់សិស្សានុសិស្សចំនួន ៣០០នាក់ដែលកំពុងសិក្សា នៅវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង។

បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងទាំងអស់ បានបង្រៀនឲ្យសិស្សានុសិស្សទាំងអស់យល់ដឹងអំពីការអប់រំផ្នែកវិទ្យាសាស្រ្ត ​និងចេះប្រើប្រាស់កម្មវិធី Microsoft Office ក្នុងការវាយអត្ថបទ រៀបចំគម្រោង និងឌីហ្សាញ ជាដើម។ល។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តទាំងអស់ក៏បានជួយតុបតែងលំអដោយលាបពណ៌ទាំងក្នុង និងក្រៅសាលាផងដែរ។

អ្វីដែលអស្ចារ្យនោះ ក្រុមហ៊ុនសាមសុង ក៏បានសាងសង់មជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយនៅក្នុងសាលារៀន ដើម្បីផ្តល់នូវការអប់រំផ្នែកព័ត៌មានវិទ្យា​ទៅដល់សិស្សានុសិស្ស​ឲ្យកាន់តែប្រសើរទ្បើង ហើយព្រមទាំងជួយផ្គត់ផ្គង់នូវគ្រឿងបចេ្ចកវិទ្យា សម្រាប់ប្រើប្រាស់ក្នុងថ្នាក់រៀនដែលរួមមាន
ដូចជា កុំព្យូទ័រយួរដៃសាមសុង៣០គ្រឿង ឧបករណ៍បញ្ចាំងរូបភាព និងសម្ភារៈផ្សេងៗទៀត សម្រាប់ទ្រទ្រង់វិស័យព័ត៌មានវិទ្យានៅក្នុងសាលារៀន។

ក្នុងឱកាសពិសេសនេះ លោក Seungho Choi ដែលជាអគ្គនាយក នៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា-ទ្បាវ បានថ្លែងថា «នៅក្រុមហ៊ុនសាមសុង យើងតែងតែប្តេជ្ញាចិត្តថាយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម និងរួមចំណែកជាមួយនឹងសហគមន៍ ហើយយើងជឿជាក់ថាបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យអប់រំ ដែលអាចជួយពង្រឹងដល់សមត្ថភាព និងចំណេះដឹងរបស់យុវជនហើយសម្រាប់បុគ្គលិករបស់យើង នេះជាឱកាសដ៏ល្អមួយក្នុងការចូលរួមចំណែកជាមួយនឹង
សហគមន៍ក្នុងប្រទេសកម្ពុជា»

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung Electronics co., Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា​ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។

ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global ៕