(ភ្នំពេញ​)៖ ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ រយៈពេល​៥ខែ​និង​ពិន័យ​៨០ម៉ឺន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។

លោក​ ហែម​ សុជាតិ​ មេធាវី​មួយ​រូប​ក្នុង​ចំណោម​៥រូប​ បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ថា​ ការ​សម្រេច​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ហើយ​ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​សេង​ ស៊ី​វុត្ថា​ អនុប្រធាន​សាលាឧទ្ធរណ៍​ ជា​ប្រធានក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ ស៊ិន​ វិសាល​ លោក​ ជួន​ ស៊ុន​ឡេង​ ជា​សមាជិក​ និង​ លោក​ អ៊ឹម​ សុផាត​ ជា​តំណាង​មហា​អយ្យការ​ ។​

លោក​ កឹម​ សុខា​ ពុំ​មាន​វត្តមាន​ទេ​ តែ​មេធាវី​របស់​លោក​៥​រូប​បាន​ចូលរួម​សវនាការ​ គឺ​ លោក​ ហែម​ សុជាតិ​ លោក​ សំ​ សុគង់​ លោក​ ចាន់​ ចេន​  លោក​ ផែង​ ហេង​ និង​ លោក​ស្រី​ ម៉េង​ សុភារី​ ។

គួរ​រំលឹក​ថា​ លោក​ កែវ​ មុនី​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ ​ កាលពី​រសៀលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៦​ ប្រកាសសាលក្រមផ្តន្ទាទោសលោក​ កឹម​ សុខា​ ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល​ ក្រោមការចោទប្រកាន់ពីបទ​ "​ បដិសេធក្នុងការចូលខ្លួន​ " តាមមាត្រា៥៣៨​ នៃក្រមព្រហ្មទណ្ឌ​ ដែលតុលាការចាត់ទុកថា​ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង​ ។

តុលាការ​រកឃើញថា​ លោក​កឹម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ព្រោះ​ខកខាន​ពីរ​លើក​ក្នុង​នាម​ជា​សាក្សី​ ចូល​បំភ្លឺ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែល​មាន​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​ ៕