(ភ្នំពេញ)៖​ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកាស្អែកនេះ នឹងរៀបចំការតាំងពិព័រណ៍ការងារថ្នាក់ជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្នុងគោលបំណង ផ្តល់ឱកាសការងារគ្រប់ប្រភេទ ជាច្រើនមុខតំណែង សម្រាប់យុវជន-សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើទូទៅជាមួយក្រុមហ៊ុនធំៗជាង៩០។

ជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាសផ្តល់ជូនឱកាសការងារចំនួនជាង២០០កន្លែង ឆ្នាំ២០១៧ នៅក្នុងការតាំងពិព័រណ៍ការងារថ្នាក់ជាតិ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អេ អឹម ខេ។

ប្រភពព័ត៌មានដដែលឲ្យដឹងថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ដែលផ្តោតទៅលើការជួយដល់ ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ ចំនួនបុគ្គលិកមានការកើនឡើងគួរឲ្យកត់សម្គាល់ គឺពីចំនួនជាង១,៧០០ ក្នុងឆ្នាំ២០១៤ ទៅ ២,១២៦ ក្នុងឆ្នាំ២០១៥ និងកើនឡើងដល់ ២,៣៣៣ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ។

អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស បានលើកឡើងថា «បុគ្គលិកគឺជាកម្លាំងចលករ ដ៏សំខាន់របស់ក្រុមហ៊ុន ដូចនេះហើយទើប អេ អឹម ខេ បានបង្កើតគោលនយោបាយ និងបរិយាកាសការងារល្អៗ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់បុគ្គលិក ដែលអត្ថប្រយោជន៍សំខាន់ៗរួមមាន៖ ប្រាក់ខែទី១៣ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ដែលបម្រើការងារយូរ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់សោធនរហូតដល់៧%រៀងរាល់ខែ ប្រាក់ធានារ៉ាប់រងសុខភាព ១០០% សម្រាប់បុគ្គលិក និងអ្នកក្នុងបន្ទុក ធានារ៉ាប់រងគ្រោះថ្នាក់២៤ម៉ោង ប្រាក់ឧបត្ថម្ភលើការសម្រាលកូន ជាពិសេសអាចព្យាបាលជម្ងឺនៅក្រៅប្រទេស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត»។

អ្នកស្រីបានឲ្យដឹងទៀតថា «នៅក្នុងព្រឹត្តិការណ៍នេះ ជាឱកាសដ៏ពិសេសសម្រាប់សាធារណជន និងសិស្ស-និស្សិត ដែលកំពុង ឬ បញ្ចប់ការសិក្សា ក្នុងការស្វែងយល់ពីលក្ខខណ្ឌ និងទទួលយកការងារនៅ អេ អឹម ខេ»។

ឆ្លៀតនៅក្នុងឱកាសនេះដែរ អ្នកស្រីសូមគោរពអញ្ជើញសាធារណៈជន ជាពិសេសអ្នកដែលកំពុងតែស្វែងរកការងារធ្វើទាំងអស់ ដែលមានចំណាប់អារម្មណ៍លើមុខតំណែងណាមួយ ត្រូវជំនាញ និងបទពិសោធន៍ការងារ អាចយក CV និង Covering Letter មកដាក់ដោយផ្ទាល់នៅស្តង់ អេ អឹម ខេ៕