(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ជាសេនាធិការបានដាក់ចេញ នូវផែនការអនុវត្ត៥ចំណុច ដើម្បីរក្សានូវស្ថេរភាពតម្លៃស្រូវ-អង្កររបស់កម្ពុជា បន្ទាប់ពីបញ្ហានេះ បានកើតមានឡើងនៅរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ដោយស្រូវអង្កររបស់កសិករ បានចុះថ្លៃរហូតដល់កសិករអំពាវនាវ ឲ្យជួយសម្របសម្រួល។
កិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងមានការចូលរួមពី មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចប្រជុំខាងលើ ដែលបង្ហោះនៅក្នុង Facebook Page ផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៧ ខែកញ្ញានេះបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នា នូវផែនការសកម្មភាពដែលត្រូវអនុវត្តន៍ ចំនួន៥ចំណុច ដើម្បីលើកស្ទួយនូវតម្លៃស្រូវអង្កររបស់កម្ពុជារួមមាន៖
១-បន្តតាមដានអនុវត្តន៍វិធានការណ៍ ដែលបានដាក់ចេញនៅពេលកន្លងមក ពាក់ព័ន្ធនិងការលើកកម្ពស់តម្លៃស្រូវអង្ករ តាមរយៈការទម្លាក់ កញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២៧លានដុល្លារអាមេរិក។
២-ពង្រឹងនីតិវិធីក្នុងការនាំចូល ផលិតផលកសិកម្ម ពីប្រទេសជិតខាង។
៣-ផ្សព្វផ្សាយព័ត៌មានទីផ្សារដល់កសិករ។
៤-សហការជាមួយដៃគូ អភិវឌ្ឍន៍ដើម្បីពន្លឿនអភិវឌ្ឍន៍ឃ្លាំងស្តុក និងឡសម្ងួត។
៥-សម្របសម្រួល និងចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀត។
ជាមួយគ្នានេះ អង្គប្រជុំកំណត់បាននូវឬសគល់ នៃបញ្ហាដែលបណ្តាលឲ្យ តម្លៃស្រូវធ្លាក់ចុះរួមមាន៖
១-ការមិនសូវចូលមកទិញស្រូវ ពីសំណាក់ឈ្មួញ នៃប្រទេសជិតខាង ដូចឆ្នាំមុនៗ ក្នុងនោះប្រទេសវៀតណាម រងសំពោធនៃការផ្គត់ផ្គង់ លើស ដោយសារការថយចុះ ជាងមុននៃការនាំចេញអង្កររបស់វៀតណាម។
២-ការផ្លាស់ប្តូរនិន្នាការ ដាំដុះរបស់ប្រជាកសិករនៅកម្ពុជា ពីស្រូវអ៉ីអ៊ែរ មកស្រូវសែនក្រអូប ដែលធ្លាប់មានតម្លៃខ្ពស់ជាងគួបផ្សំនិងកំណើន ទិន្នផលខ្ពស់សម្រាប់ឆ្នាំនេះ។
៣-ការបញ្ជាទិញតិចពីផ្សារនាំចេញរបស់កម្ពុជា។
៤-ការមានភ្លៀងធ្លាក់បន្តបន្ទាប់ ក្នុងរដូវប្រមូលផល។ ដែលធ្វើឲ្យកសិករមិនអាចរក្សាស្រូវទុកបានយូរ។
៥-ភាពមានកម្រិតនៃសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ របស់កម្ពុជា ទាំងទុនបង្វិល ឃ្លាំងស្តុក និងឡសម្ងួតជាដើម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖