(សេអ៊ូល)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានធ្វើការរៀបចំរួចរាល់ ហើយដើម្បីធ្វើការបំផ្ទុះសាកល្បង នុយក្លេអ៊ែរជាលើកទី០៦។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

បើយោងតាមការបង្ហាញឲ្យដឹងពី រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើង បានត្រៀមខ្លួនរួច ជាស្រេច និងអាចធ្វើការសាកល្បង អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្មីម្តងទៀត នៅរូងក្រោមដីដែលមិនធ្លាប់ ត្រូវបានប្រើប្រាស់ពីមុនមក ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពី សកម្មភាពអ្វីដែលគេបានរកឃើញនៅ ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri ដែលស្ថិតនៅក្បែរឆ្នេរភាគឦសាន កូរ៉េខាងជើងនោះឡើយ។

ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៥នេះ ស្តែងឲ្យឃើញថា សមត្ថភាពនៃអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង កំពុងតែពង្រីកវិសាលភាពយ៉ាងរហ័ស ហើយប្រមុខដឹកនាំកំពូលនៃប្រទេសកុម្មុយនីស្តមួយនេះ គឺលោក គីម ជុងអ៊ុន នឹងមិនព្រមបញ្ឍប់ ទង្វើរបស់ខ្លួនឡើយ ទោះជាមានការថ្កោលទោស ឬការដាក់ទណ្ឌកម្មពីអន្តរជាតិយ៉ាងណាក្តី៕