(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើចិនឲ្យបង្កើនការនាំផលិតផល របស់កម្ពុជាទៅកាន់ ទីផ្សារចិនឲ្យ បានកាន់តែច្រើនថែមទៀត ជាពិសេសសុំឲ្យលើករបាំងពន្ធគយ និងមិនកំណត់កូតា។ សំណើរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ ឡើងក្នុងពេលជួបសំណេះសំណាលការងារជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
បើតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែ បានបញ្ជាក់ថា ដើម្បីបង្កើនការនាំផលិតផល កម្ពុជាចូលទីផ្សារចិន សម្តេចតេជោ បានស្នើឲ្យរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន ធ្វើការពិភាក្សាជាមួយគ្នា ឲ្យបានកាន់តែច្រើនថែមទៀតលើបញ្ហានេះ។
ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពីគម្រោងអាទិភាពនានា ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ភាគីកម្ពុជារួមទាំងជំនួយឥតសំណង មានទឹកប្រាក់ ៣,៦០០លានយ័ន របស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមនៅលើទំព័រ Facebook ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន ក៏បានឯកភាពគ្នាលើយន្តការអន្តររដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការអនុវត្តគម្រោងនានា ដែលភាគីកម្ពុជា បានស្នើទៅកាន់ភាគីចិន តាមរយៈគោលនយោបាយវិថីមួយ ផ្លូវមួយ ដើម្បីអនុវត្តលើអនុស្សារណៈមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងនឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៣ នៅទីក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមវេទិកា ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា។ តាមរយៈវេទិកា នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា នឹងជួយកៀរគរវិនិយោគិនចិន នៅខេត្តក្វាងស៊ីមកបណ្តាក់ទុនវិនិយោគឲ្យកាន់តែច្រើន ថែមទៀតនៅប្រទេសកម្ពុជា៕