(ភ្នំពេញ)៖ ពាក្យចាស់ខ្មែរតែងបានទូន្មានភាពស្មោះត្រង់ ក្នុងចំណងអាពាហ៍ពិពាហ៍ ប្តីមួយប្រពន្ធមួយ នឹងនាំមកនូវក្តីសុខ សុភមង្គល ក្នុងសង្គមគ្រួសារ ហើយក៏មិនព្រួយមានរឿងនាំឲ្យ អាស្រូវកេរ្តិ៍ផងដែរ។ ផ្ទុយទៅវិញជនទាំងឡាយណា ដែលមិនអាចគោរព ឬបំភ្លេចនូវពាក្យទូន្មានទាំងនេះ បណ្តោយខ្លួនធ្លាក់ក្នុងអន្លង់នៃកាមតណ្ហាចង់ផ្លាស់ប្តូរដៃគូស្នេហ៍ពីមួយទៅមួយ ក៏មែងមានរឿងរ៉ាវក្នុងសង្គមគ្រួសារ ឬអាចភ្លាត់ទៅអាស្រូវកេរ្តិ៍ជាសាធារណក៏មាន។

មិនត្រឹមតែពាក្យចាស់ខ្មែរនោះទេ នៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិបតន៍នោះ ក៏បានទូន្មាន និងក្រើនរំលឹកឲ្យជនទាំងឡាយចៀសឆ្ងាយពីការបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភ្លើងកាមតណ្ហានេះផងដែរ ព្រោះព្រះអង្គបានមើលឃើញច្បាស់ថា ជនទាំងឡាយដែលបណ្តែតបណ្តោយខ្លួនទៅតាមការអូសទាញនៃកាមគុណ កាមអារម្មណ៍នឹងនាំឲ្យធ្លាក់ក្នុងអន្លង់ទុក្ខ។

នៅក្នុងសង្គមរបស់មនុស្សមិនថាអតីតសម័យ ឬសម័យបច្ចុប្បន្ន គេតែងបានឃើញសង្គមគ្រួសារជាច្រើនទាំងរាស្រ្តសាមញ្ញ រហូតដល់អ្នកមានត្រកូលពូជពង្សខ្ពង់ខ្ពស់ តែងកើតមានរឿងរ៉ាវបែកបាក់ ព្រោះតែរឿងកាមគុណនេះ។ ក្នុងប្រវត្តិសាស្រ្តខ្មែរវិញ ព្រោះតែរឿងកាមគុណនាំឲ្យមានការបាត់បង់ទឹកដី (ព្រះជ័យជេដ្ឋាទី២ ១៦១៨-១៦២៨) នាំឲ្យម្ចាស់មា សម្លាប់ម្ចាស់ក្មួយក៏មាន (ព្រះរាជសំភារចៅ ពញាតូ ១៦២៩ - ១៦៣៤)។

ក្រឡេកមកសង្គមខ្មែរនាពេលបច្ចុប្បន្ន ក្រៅពីសាមញ្ញជនជាច្រើនត្រូវរងទុក្ខព្រោះតែភាពភ្លើតភ្លើនក្នុងផ្លូវកាមហើយនោះ លោក កឹម សុខា ជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ចាត់ទុកជាបុគ្គលខ្ពង់ខ្ពស់ និងល្បាញល្បីមួយរូបនៅកម្ពុជា ក៏ត្រូវជួបទុក្ខ និងអាស្រូវកេរ្តិ៍ ព្រោះតែរឿងកាមតណ្ហា កាមគុណលួចលាក់មាននារីក្មេងក្បត់ ភរិយានេះផងដែរ (នេះបើយោងតាមខ្សែអាត់សំឡេង ដែលគេទម្លាយក្នុងទំព័រ Facebook «រឿងពិត CNRP»)។ មកដល់បច្ចុប្បន្នរឿងអាស្រូវកាមគុណ រវាងលោក កឹម សុខា និងនារីម្នាក់ឈ្មោះថា ខុម ចាន់តារាទី ហៅស្រីមុំ បានធ្វើឲ្យលោក កឹម សុខា ត្រូវអ័ព្ទយស និងជួបទុក្ខផ្ទួនៗ រហូតប្រឈមនិងការជាប់ទោសទណ្ឌថែមទៀតផង។ អាស្រូវផ្លូវភេទនេះមិនត្រឹមតែលោក កឹម សុខា ដែលជាអ្នកប្រព្រឹត្តនោះទេ ដែលត្រូវរងគ្រោះនៅមានជនជាច្រើនទៀត ក៏បានរងទុក្ខទោស រហូតជាប់ពន្ធនាគារជាច្រើននាក់។

តាមព្រះពុទ្ធោវាទការមិនត្រេកអរ និងប្រពន្ធខ្លួនទៅលួចមាននារីខាងក្រៅ ឬខ្លួនចាស់ហើយទៅលួចលាក់មាននារីក្មេង សុទ្ធតែ ជាប្រភពនៃក្តីវិនាស។ បរាភវសូត្រសម្តែងពីក្តីវិនាសទាំង១២ ព្រះសម្មាសម្ពុទ្ធ បានទូន្មានថា «ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួននឹងស្រីពេស្យាទ្រុស្ត នឹងប្រពន្ធកូនជននានា ហេតុនោះទៅជានាំឱ្យវិនាស»។ «បុរសមានវ័យដែលចាស់ហួសពេក  ហើយមានតម្រេកដោយក្ដីតណ្ហា នាំយកស្រីក្មេងមកធ្វើភរិយា ហេតុនោះទៅជានាំឱ្យវិនាស»។

ព្រះពុទ្ធោវាទព្រះសម្មាសម្ពុទ្ធ ដែលបានទូន្មានពិតជាមិនខុស! បច្ចុប្បន្នព្រោះតែការត្រេកត្រអាលក្នុងផ្លូវកាមនេះ បានធ្វើឲ្យលោក កឹម សុខា ដែលជាបុគ្គលខ្ពង់ខ្ពស់មួយរូបកំពុងជួបនូវក្តីវិនាស ហើយក្តីវិនាសនេះមិនត្រឹមកើតមានលើលោក កឹម សុខា ដែលជាអ្នកប្រព្រឹត្តផ្ទាល់នោះទេ សូម្បីតែអ្នកដែលព្យាយាមជួយលុបលាងទង្វើរបស់លោក ជាច្រើននាក់ទៀត ក៏រងទុក្ខដូចគ្នា។

ក្រៅពីលោក កឹម សុខា ដែលកំពុងប្រឈម និងការជាប់ពន្ធនាគារចំនួន៥ខែ ក្រោយពេលសាលក្រមចូលជាស្ថាពរហើយនោះ មានមនុស្សចំនួន ៦នាក់ហើយកំពុងជាប់ពន្ធនាគារ ហើយមានមនុស្សជាច្រើននាក់ទៀត កំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។

មនុស្សចំនួន៦នាក់ ដែលកំពុងជាប់ពន្ធនាគារព្រោះតែសំណុំរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ រួមមាន៖ លោក ស៊ាង ចែត អតីតមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម, លោក នី សុខា ប្រធានផ្នែកស៊ើប អង្កេតសមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ ពួកគាត់ទាំង ៦រូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី ដែលត្រូវប្រឈមមុខជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ ក្នុងសំណុំរឿងស្រីមុំតែមួយ។

ក្រៅពីអ្នកជាប់ឃុំទាំង៦រូបនេះទៅនៅមានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប គឺលោក តុប វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង ក៏បានជាប់ក្នុងបណ្តឹង នៃសំណុំរឿងផ្លូវភេទនេះផងដែរ។

ស្រីមុំ ធ្លាប់បានបញ្ជាក់ក្នុងលិខិតចំហរបស់ខ្លួនថា លោក កឹម សុខា និងរូបនាង ពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា។ ទំនាក់ទំនងស្នេហាលួចលាក់នេះ លោក កឹម សុខា បាននាំរូបនាងទៅលេងនៅប្រទេសថៃ ហើយថែមទាំងបានសន្យាឲ្យលុយ ទិញផ្ទះ ឲ្យថែមទៀតផង។

តែពេលនេះស្នេហា ដែលធ្លាប់តែផ្អែមល្ហែមរវាងលោក កឹម សុខា និងស្រីមុំ ពីអតីតកាលបានប្រែជាល្វីងជូរចត់ ដោយស្រីមុំ បានប្តឹងលោក កឹម សុខា និងអ្នកពាក់ព័ន្ធទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។

បើទោះបីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ជាគំរូអាក្រក់ក្នុងសង្គម តែក៏ជាកញ្ចក់មួយសម្រាប់សង្គមមនុស្សនាពេលបច្ចុប្បន្ន ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ បើចង់រួចផុតពីការអាស្រូវកេរ្តិ៍ដូចលោក កឹម សុខា និងរក្សាបានម្លប់ នៃភាពសុខសាន្តក្នុងគ្រួ សារ មិនគួរបណ្តោយឲ្យភ្លើងកាមគុណអូសទាញបាននោះឡើយ៕

លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ

លោក ស៊ាង ចែត អតីតមេឃុំស្រក

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក

លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក

លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក

លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក

លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប