(ភ្នំពេញ)៖ នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តចេញលិខិតចំហរ ជូនសាធារណមតិឲ្យជ្រាបជុំវិញ ការកោះហៅ រហូតដល់ការកាត់ក្តីផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ចំនួន៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។

លោក គឹម សន្តិភាព បានលើកឡើងនៅក្នុងលិខិតចំហរថា ចារីនៃបទល្មើសសញ្ចារកម្ម គឺជាជនទី៣ ដែលជាអន្តរការី នៃអំពើពេស្យាចារ! ដៃគូរួមភេទផ្ទាល់ពុំមែនជាចារី នៃបទល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់សាក្ខីកម្ម ដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារកម្មនេះ! ហើយប្រសិនបើលោក កឹម សុខា ចូលខ្លួនតាមការហៅរបស់តុលាការ ទោះបីឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះលោក កឹម សុខា ពុំមានឋានៈជាពិរុទ្ធជននោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនោះ បានបង្ហាញលិខិតចំហរ ដែលមានខ្លឹមសារទាំងស្រុងជូនសាធារណជន៖

បុគ្គលគ្រប់រូបដែលត្រូវបានចាត់ទុកថា ដឹងអំពីតម្រុយ ឬព័ត៌មាននៃអំពើល្មើសណាមួយត្រូវចូលរួម ផ្តល់សក្ខីកម្មដល់មន្ត្រី មានសមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ហើយក៏ជាការបង្ហាញឲ្យឃើញថា ជាពលរដ្ឋល្អក្នុងសង្គម ដែលបានចូលរួមលុបបំបាត់និទណ្ឌភាពផងដែរ!

ដោយឡែកឯកឧត្តម កឹម សុខា ដែលត្រូវបានស្ថាប័នអយ្យការកោះហៅក្នុងនាមសាក្សី ដើម្បីផ្តល់សក្ខីកម្មសម្រាប់ស្វែងរក ជនល្មើសក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាបុគ្គលដែលត្រូវបានកោះហៅផង និងក្នុង នាមជាពលរដ្ឋល្អក្នុងសង្គមផងនោះ បែរជាជ្រើសរើសយកវិធីគេចវេសមិនចូលខ្លួន ដែលត្រូវបានច្បាប់កំណត់ថា ជាបទល្មើស ដែលនាំឲ្យខ្លួនក្លាយជាពិរុទ្ធជននាពេលនេះ!

សូមបញ្ជាក់ថា ប្រសិនបើពិរុទ្ធជនរូបនេះចូលតាមការកោះហៅ ហើយទោះបីជាឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះ គាត់ពុំមានឋានៈជាពិរុទ្ធជនបែបនេះទេ ហើយក្នុងនាមតំណាងរាស្ត្រ គួរធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ !

យើងក៏ពុំឃើញមានចំនុចណាមួយនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលហាមមិនឲ្យស្ថាប័នតុលាការ កោះហៅតំណាងរាស្ត្រ នោះដែរ!

ហេតុដូចនេះសូមសាធារណជន មេត្តាជ្រាប និងសូមអំពាវនាវដល់ពិរុទ្ធជន កឹម សុខា គួរយកពេលវេលារបស់ខ្លួនពិភាក្សា ជាមួយមេធាវី ដែលមានជំនាញឯកទេស ដើម្បីការពារក្តីឲ្យខ្លួន ប្រសើរជាងយកពេលវេលាធ្វើរឿងឥតប្រយោជន៍ដល់ខ្លួន! ការជ្រើសរើសយកផ្លូវដើរដោយខ្លួនឯង ដោយប្រព្រឹត្តទង្វើប្រឆាំងនឹងច្បាប់បែបនេះ គឺជាការកំណត់យកអនាគត ដោយខ្លួនឯង!៕