(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីមន្រ្តីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់អង្គភាព Fresh News ទាំងកណ្តាលអាធ្រាត្រថា នៅម៉ោង០០៖៣០នាទីយប់ចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបញ្ហាកើតឡើងដោយ យន្តហោះ ក្រុមហ៊ុន Korea Air ជើងហោះហើរលេខ KE690 បានជាប់គាំងហ្រ្វាំងកង់យន្តហោះ ពេលរត់លើផ្លូវ(ពីស)ត្រៀមហោះចេញទៅប្រទសកូរ៉េ ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីដល់អ្នកដំណើរនោះទេ អ្នកដំណើរទាំងអស់ចំនួន ១៥៤នាក់។

មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបញ្ជាក់ថា បញ្ហាជាប់គាំងហ្រ្វាំងកង់យន្តហោះនេះ បានធ្វើឲ្យយន្តហោះផ្សេងទៀត មិនអាចចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញទេ ដោយឲ្យទៅចុះនៅព្រលានយន្តហោះ ខេត្តសៀមរាបវិញ ចំណែកឯយន្តហោះត្រូវហោះឡើងក៏បានផ្អាកបណ្តោះអាសន្នសិន។

ដោយឡែកអ្នកដំណើរ ចំនួន១៥៤នាក់ នៅលើយន្តហោះ Korea Air ជើងហោះហើរលេខ KE690 ដែលជាប់គាំងហ្រ្វាំងកង់នោះ ត្រូវបានដឹកតាមរថយន្តយកមកស្ថានីយវិញ៕

www.freshnewsasia.com