(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើសុំទៅគណបក្សសង្គ្រោះជាតិទាំងមូល កុំការពារនូវទង្វើខុសច្បាប់របស់បុគ្គល និងសុំកុំយកមហាជនបិទបាំងកំហុសផ្ទាល់ខ្លួន​ របស់លោក កឹម សុខា ឬក្រុមដែលប្រព្រឹត្តផ្ទុយពីច្បាប់។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិ មិនគួរយក​បញ្ហា​​បុគ្គលរបស់លោក កឹម សុខា មកបិតបាំងកំហុសរបស់មេដឹកនាំរបស់ខ្លួននោះឡើយ»

ការលើក​ឡើង​​របស់លោកអភិបាលក្រុងខាងលើនេះ ខណ:ដែលលោក បានប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់​បេស​ក​កម្មចុះពិនិត្យភូមិសាស្ត្រ​ ដែលត្រូវអភិវឌ្ឍន៍ នៅសាងខាងផ្លូវរថភ្លើងចាស់ គិតចាប់ពី​ចំណុច​ផ្លូវ​លេខ​​​៧០ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រហូតដល់ចំណុចគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទ​ល្មើស​ជាក់ស្តែង ក្នុងករណីអ្នកតំណាងរាស្ត្ររូបនេះ បដិសេធដីការកោះហៅរបស់តុលាការ ក្នុងការចូលខ្លួនធ្វើជាសាក្សីពាក់ព័ន្ធរឿងសញ្ចារកម្មជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ហើយបទល្មើសមួយនេះ នឹងត្រូវធ្វើការកាត់ទោសនៅថ្ងៃទី៩ ខែកញ្ញានេះ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា «វាជារឿង​គណ​បក្ស ប៉ុន្តែគេពុំគម្បីយករូបភាពមហាជន​ទៅការពារបុគ្គល! ចឹងយើងនៅតែអំពាវនាវចង់ឲ្យបុគ្គល លោក កឹម សុខា ត្រូវតែមានការទទួលខុសត្រូវជាមួយមុខច្បាប់ ហើយត្រូវខិតខំអនុវត្តតាមច្បាប់ និង មិនត្រូវគិតថា ការប្រមូលកម្លាំងដើម្បីបង្កើតឲ្យមានចលនាមួយប្រឆាំងច្បាប់! ដែលបញ្ហានេះ ជា​កំហុស! ខ្ញុំគិតថា លោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ នឹងពិចារណាបញ្ហានេះឡើងវិញ​ ព្រោះថា យើងជាម្ចាស់នយោបាយ យើងជាតំណាងរាស្ត្រ ជាសមាជិករដ្ឋសភា យើងគួរតែយល់ គួរតែធ្វើគំរូដល់ប្រជាពលរដ្ឋ ដើម្បីជាអ្នកឈានមុខគេក្នុងការអនុវត្តច្បាប់»

លោកអភិបាលបន្តថា អ្នកនយោបាយត្រូវតែគោរពច្បាប់ ដូចជាប្រជាពលរដ្ឋសាមញ្ញា ដើម្បី​កុំឲ្យ​ផ្ទុយ​នឹង​​នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវប្រទេសប្រកាន់យក និងអនុវត្ត។ លោក​បញ្ជាក់​ថា បុគ្គល ឬក្រុមដែលប្រព្រឹត្តខុស គឺមានច្បាប់ជាអ្នកកាត់តម្រឹម។

តុលាការចាត់ទុកបទល្មើសរបស់លោក កឹម សុខា ដោយយោងតាមមាត្រា៥៣៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែលចែងថា «រាល់បុគ្គលណា​​ដែល​​ត្រូវ​​បាន​កោះហៅឲ្យចូលមកឆ្លើយ ជាសាក្សីនៅមុខ​​អយ្យ​ការ ឬ​ចៅ​ក្រមស៊ើបសួរ ឬមុខតុលា​​ការ​​ព្រហ្ម​ទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅ​​ដោយ​គ្មាន​មូលហេតុសមស្រប ​ត្រូវផ្តន្ទា​​ទោស​ដាក់​ពន្ធនាគារពី១ខែ ទៅ៦ខែ និង​ពិន័យជា​ប្រាក់​​ពី​១​​សែន​រៀល ទៅ១លានរៀល»

ក្នុងរឿងស្នេហាក្រៅតម្រានេះ តុលាការក៏បានធ្វើការចោទប្រកាន់ ​មន្រ្តីការពារសិទ្ធិមនុស្ស​អាដ​ហុក​​៤រូប និង​មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទសូកប៉ាន់សាក្សី និងសម​គំនិត​សូកប៉ាន់ឲ្យនាង ស្រីមុំ បង្ហាញសក្សីកម្មក្លែងក្លាយផងដែរ៕