(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ចាប់ពីពេលនេះតទៅ អាជ្ញាធរនឹងមិនអនុញត្តិឲ្យមានការដង្ហែរក្បួន ឬញត្តិរបស់គណបក្សសង្គ្រោះជាតិ ទៀតឡើយ បើទោះបីមានការស្នើសុំ មានការអំពាវនាវក៏ដោយ។ លោកអភិបាលក្រុងបានលើកឡើងថា ទីក្រុងនេះមិនមែនជា របស់បក្សប្រឆាំងនោះឡើយ។

ការប្រកាសបែបនេះរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២គីឡូម៉ែត្រ ក្នុងគម្រោង១១គីឡូម៉ែត្រ ដោយចាប់ពីគល់ស្ពានជ្រោយចង្វា រហូតដល់ស្ពានព្រែកព្នៅ។

សម្រាប់ការងារបើកការដ្ឋានផ្លូវនេះវិញ លោក សាំ ពិសិដ្ឋ នាយកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា សាលារាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ជំហានទី១ ចាប់ពីមុខរោងចក្រ SKD ដល់ PK2+000 ឲ្យបានទំហំ២២ម៉ែត្រ ដោយក្នុងនោះ ធ្វើការចាក់បេតុង សរសៃដែក ទំហំ ២,៥​ម៉ែត្រ សងខាងកំរាស់ ២០សង់ទីម៉ែត្រ និងចាក់អ៊ុតកៅស៊ូ AC ៥សង់ទីម៉ែត្រ លើតួផ្លូវចាស់ ទំហំ១៤,៥ម៉ែត្រ និងសាច់ផ្លូវថ្មីកំរាស់ ១០សង់ទីម៉ែត្រ ស្ថាបនាសួនកណ្តាលទំហំ​២,៥ម៉ែត្រ តម្លើងបង្គោលភ្លើងព្រែកជា២ ព្រមទាំងដាក់លូទំហំ១,៥ម៉ែត្រ ប្រវែង២.០០០ម៉ែត្រ និងដាក់លូកាត់ទទឹង ផ្លូវ០,៦ម៉ែត្រ ចំនួនទីតាំង ស្ថិតក្នុងខណ្ឌឬស្សីកែវ។ កំណាត់ផ្លូវជាតិលេខ៥ នេះ ក៏ធ្លាប់ធ្វើការពង្រីកច្រើនលើកច្រើនសារមកហើយ ដើម្បីបំពេញទៅតាមតម្រូវការ របស់កំណើនយានយន្ត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានរីកទំហំទៅទិសខាងជើង ដែលពោរពេញទៅដោយលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យយានយន្តមានកំណើនយ៉ាងខ្លាំងនោះ ​ធ្វើឲ្យច្រកតភ្ជាប់រាជធានីភ្នំពេញដ៏សំខាន់មួយ ពុំអាចធានានូវលំហូចរាចរចេញចូលបានតទៅទៀត ដែលទាមទារធ្វើការពង្រីកឲ្យបានល្អ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា «យើងបានកសាងផ្លូវច្រើនណាស់ ដោយសារផ្លូវជាសសៃឈាមសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងសម្រាប់ផ្លូវជាតិលេខ៥នេះ គឹជាផ្លូវដែលសំខាន់មួយក្នុងចំណោមផ្លូវជាតិជាច្រើនទៀត។ ការស្ថាបនាពង្រីកកំណាត់ផ្លូវនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដោះស្រាយការកកស្ទះចរាចរ ចំពោះផ្លូវតភ្ជាប់ចូលរាជធានីភ្នពេញ ដែលជាច្រកផ្លូវយុទ្ធសាស្រ្តដ៏សំខាន់តែមួយគត់ ក្នុងការតភ្ជាប់រាជធានីភ្នំពេញ ទៅបណ្តាខេត្តមួយចំនួន ព្រមទាំងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ឲ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តពេលបច្ចុប្បន្ននេះ»

លោកបន្តថា ទន្ទឹមនិងការកសាងផ្លូវអោយស្អាតនេះវាបានបង្កអោយមានគ្រោះថ្នាក់ចរាចររាល់ថ្ងៃផងដែរ។ លោកថា មកដល់ពេលនេះ គ្រោះថ្នាក់ដោយគ្រាប់មីន ជម្ងឺអេដសិ៍ មិនមែនជាបញ្ហាខ្លាំងក្លានោះទេ តែអ្វីដែលមានការព្រួយបារម្ភនោះ គឺគ្រោះថ្នាក់ចរាចរនេះតែម្តង ដោយក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរនេះ បានសម្លាប់មនុស្សពី ៤នាក់ ទៅ៦នាក់។ ដោយមូលហេតុនេះហើយទើបរាជរដ្ឋាភិបាល បង្កើតឲ្យមានច្បាប់ចរាចរថ្មីឡើង ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ គ្រោះថ្នាក់ចរាចរនេះឲ្យមានកម្រិតទាប។

លោកបន្តថា ក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិយើងចេញពីចំណុចសូន្យ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាពនោះបានធ្វើឲ្យ ប្រទេសយើងមានការរីកចំនួនយ៉ាងឆាប់រហ័ស យើងមានអ្វីគ្រប់បែបយ៉ាងមកដល់ពេលនេះ គឺផ្តើមចេញការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។

ជាបន្តនាព្រឹកថ្ងៃដដែល លោក ប៉ា សុជាតិវង្ស បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស បន្តចុះពិនិត្យការស្ថាបនាផ្លូវ ក្រវាត់ក្រុង (ទំនប់កប់ស្រូវ) និងការស្ថាបនា ផ្លូវថ្មើរជើង(អាកាស)មុខសាលាជម្ពូវ័ន្តផងដែរ៕